កសិករប្រមាណជិត ២ម៉ឺនគ្រួសារ បានសម្រេចងាកមកប្រើជីសរីរាង្គដែលផលិតក្នុងស្រុកវិញ បន្ទាប់ពីសាកល្បងប្រើបាន ២ខែ
Cambodia News
កំពង់ឆ្នាំង៖ បន្ទាប់ពីសាកល្បងប្រើប្រាស់ជីសរីរាង្គ ដែលផលិតដោយកូនខ្មែរ អស់រយៈពេល២ខែ និងទទួលបានលទ្ធផលល្អលើទិន្នផលកសិកម្ម, សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (ស.ស.ស.អ.ស) បានសម្រេចប្រើប្រាស់ជីនេះ និងពង្រីកការផ្គត់ផ្គង់ទៅដល់កសិករ និងសមាជិករបស់ខ្លួនប្រមាណជិត ២ម៉ឺនគ្រួសារ។
ការសម្រេចនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម និងសហគ្រាសបូកាឈីរ៉ាជីសរីរាង្គ ដែលទើបបង្កើតឡើងដោយកូនខ្មែរ ក្រោមការគាំទ្រពីមន្ទីកសិកម្ម និងមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ឆ្នាំង។
លោកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម បានថ្លែងឱ្យដឹងថា សហភាពនេះ បានបង្កើតឡើងនៅឆ្នាំ២០២២ ដែលរហូតដល់បច្ចុប្បន្នមានកសិករជាសមាជិកជាង ១ម៉ឺន ៧ពាន់គ្រួសារ។ លោកស្រី បានឱ្យដឹងថា កន្លងមកសមាជិកសហភាពបានចំណាយថវិកាច្រើនលើការទិញជីនាំចូលពីក្រៅប្រទេស តែមិនសូវទទួលបានទិន្នផលល្អនោះទេ។
ជីសរីរាង្គ បូកាឈីរ៉ា ត្រូវបានណែនាំថា ជាជីសរីរាង្គដែលផ្អែកលើបច្ចេកទេស និងបទពិសោធន៍ពីប្រទេសជប៉ុន ដោយផ្តោតលើការកែលម្អគុណភាព និងជីជាតិដី ព្រមទាំងបង្កើតបរិស្ថានដីសមស្របសម្រាប់ការលូតលាស់របស់ដំណាំ។
លោក អៀង សុធារ៉ា សហស្ថាបនិកសហគ្រាសបូកាឈីរ៉ាជីសរីរាង្គ និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានថ្លែងឱ្យដឹងថា ការប្រើប្រាស់ជីដែលមានគុណភាព និងសមស្របទៅនឹងប្រភេទដី មិនត្រឹមតែជួយដល់ការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការគ្រប់គ្រងថ្លៃដើម និងបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្មផងដែរ។ លោក បានបញ្ជាក់បន្ថែមថា បេសកកម្មរបស់សហគ្រាសបូកាឈីរ៉ាជីសរីរាង្គ គឺចង់ចូលរួមចំណែកជំរុញការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជា តាមរយៈការផលិតជីសរីរាង្គជាច្រើនប្រភេទ ដែលផ្តោតលើគុណភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។
ក្រៅពីការផលិត និងផ្គត់ផ្គង់ជីសរីរាង្គ សហគ្រាសក៏មានបំណងចូលរួមស្វែងរកទីផ្សារ និងអតិថិជនសម្រាប់កសិផលសរីរាង្គរបស់កម្ពុជា ដើម្បីជួយបង្កើតខ្សែសង្វាក់តម្លៃដែលអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កសិករ។
លោក អៀង សុធារ៉ា សង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់សហគ្រាស គឺចង់ឃើញការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជាមានភាពទូលំទូលាយជាងមុន ដោយកសិករទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញកាន់តែប្រសើរ ព្រមទាំងចូលរួមថែរក្សាបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះដែរ លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងនូវការគាំទ្រចំពោះការចាប់ដៃគ្នារវាងសហគមន៍កសិករ និងអ្នកផលិតជីក្នុងស្រុក ជាពិសេស គឺការជំរុញការប្រើប្រាស់ជីសរីរាង្គ ឱ្យបានកាន់តែច្រើន។
លោកអនុប្រធានមន្ទីរ បានលើកឡើងបន្ថែមថា កន្លងទៅកសិករក្នុងខេត្តកំពង់ឆ្នាំ បានចំណាយទុនច្រើនទៅលើការទិញជីពីក្រៅប្រទេស ធ្វើឱ្យថ្លៃដើមនៃការផលិតខ្ពស់ និងទិន្នផលមិនសូវវបានល្អនោះទេ។ លោក រំពឹងថា សហភាព និងអ្នកផលិតជីសរីរាង្គក្នុងស្រុក នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្នា ដើម្បីជំរុញការប្រើប្រាស់ជីសរីរាង្គនេះនៅតាមសហគមន៍បន្ថែមទៀត រួមគ្នាកាត់បន្ថយការប្រើប្រាស់ជីគីមី ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕



![]()
![]()

![]()
