លោក ​Xi Jinping​ ៖ ជំរុញ​ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតតាម​ផ្លូវ​សុចរិត​ជា​លំដាប់​ ព្រមទាំងចែករំលែកផលលាភជាមួយ​គ្រប់​ភាគី​

​Cambodia News

កិច្ចប្រជុំ​បញ្ញា​សិប្បនិម្មិត​ពិភព​លោក​ឆ្នាំ ​២០២៦ ​និងកិច្ចប្រជុំកម្រិតខ្ពស់​ស្តីពីអភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត​សកល​នឹងប្រារព្ធធ្វើនៅទីក្រុងសៀងហៃចាប់ពីថ្ងៃទី ​១៧ ​ដល់ថ្ងៃទី ​២០ ​ខែកក្កដា​ខាង​មុខ​នេះ ​។ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើក​កិច្ចប្រជុំ​ព្រម​និង​ថ្លែង​សុន្ទរកថា​គន្លឹះ ​៕​

បច្ចុប្បន្នបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ដែល​​ផ្លាស់ប្តូរផលិតកម្ម និងរបៀបរស់នៅរបស់មនុស្សយ៉ាងខ្លាំង និង​បង្កើត​ឡើងនូវ​និម្មាបនកម្ម​ឧស្សាហកម្មសកលថ្មី​។ លោក​Xi Jinping យកចិត្តទុកដាក់ខ្ពស់​ចំពោះការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដោយគូសបញ្ជាក់​​ថា បញ្ញាសិប្បនិម្មិតអាច​ជាផលិតផល​សាធារណៈអន្តរជាតិដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ប្រទេសចិនមានឆន្ទៈចែករំលែកភាគលាភ​នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិតជាមួយគ្នា​គ្រប់ភាគី​។

«បញ្ញាសិប្បនិម្មិតមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនាពេលអនាគត យើង​គួរធ្វើ​ឱ្យ​បញ្ញាសិប្បនិម្មិតផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅគ្រប់​​ប្រទេសនិងតំបន់​។ យើងត្រូវ​ផ្តោត​សំខាន់​លើ​សុខមាលភាពរបស់មនុស្សជាតិទាំងមូល​ និងជំរុញ​ឱ្យបញ្ញាសិប្បនិម្មិតវិវឌ្ឍរីក​ចម្រើន​យ៉ាង​ល្អ​ប្រសើរ​ជា​លំដាប់​តាម​ទិសដៅដែល​មាន​ប្រយោជន៍​ សន្តិសុខ​និង​យុត្តិធម៌។» នេះជា​អនុសាសន៍​របស់​លោក​Xi Jinping នៅក្នុងកិច្ច​ប្រជុំ​ដំណាក់កាលទីពីរនៃកិច្ចប្រជុំក្រៅ​ផ្លូវការ​មេដឹកនាំ​​​ APEC លើកទី ៣២ កាលពី​​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ប្រទេស​ចិន​ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ ចាប់យកឱកាសនៃ​បដិវត្តន៍បច្ចេកវិទ្យា និងសម្រេចបាននូវការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​​កម្លាំងចម្រុះ​ក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ទិន្នន័យបាន​បង្ហាញថា ប្រទេសចិនមានចំនួន ៦០% នៃចំនួនប៉ាតង់ខាងបញ្ញាសិប្បនិម្មិតទូទាំងពិភពលោក ហើយចំនួនអ្នកប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលអាចបង្កើតខ្លឹមសារថ្មី​បានលើសពី ៥០០ លាននាក់។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានបង្កើតមូលនិធិជាតិសម្រាប់​វិនិយោគឧស្សាហកម្មបញ្ញាសិប្បនិម្មិតដែលមានទំហំសរុប ៦០ ពាន់លានយាន់​ប្រាក់​ចិន​ បានកំណត់​វិធានការគ្រប់គ្រងសេវាកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតតាម​ក្រម​សីលធម៌​ និងបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងកិច្ច​សហប្រតិបត្តិការបញ្ញាសិប្បនិម្មិតចិន-BRICS ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មជាបន្តបន្ទាប់។

លោក​XiJinping បាន​ថ្លែងក្នុង​កិច្ច​ប្រជុំ​ដំណាក់កាលទីពីរនៃកិច្ចប្រជុំកំពូល G20 លើកទី ១៩ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២៤​ ថា ​​ «គួរតែ​​បង្កើន​​អភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិត ដើម្បីធានាថា បញ្ញាសិប្បនិម្មិត ត្រូវបានប្រើប្រាស់តាមផ្លូវ​សុចរិត​ និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល​ ព្រមទាំងការពារកុំ​ឱ្យ​វា​​ក្លាយជា «ល្បែងរបស់​ប្រទេសអភិវឌ្ឍន៍​​និង​អ្នកមាន »។

ប្រទេសចិន​កំពុងពន្លឿនការច្នៃប្រឌិតខាង​ទ្រឹស្តី ប្រព័ន្ធ និងការអនុវត្តក្នុងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ហើយបានលើកឡើង​នូវផែនការ​​អភិបាលកិច្ចដែលសមស្របនឹង​ផលប្រយោជន៍រួមរបស់ប្រទេសនានា​ នឹង​ជួយបង្កើត​ប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលដែលមានសមធម៌ សមហេតុផល បរិយាប័ន្ន​ និងចែករំលែកគ្នា​ ប្រឆាំងការបង្កើត “រង្វង់តូច” ដែលបង្កការប្រឈមមុខដាក់គ្នាជាក្រុម ​ដើម្បី​ជំរុញ​ការកសាងសហគមន៍ជោគវាសនា​រួម​​សម្រាប់មនុស្សជាតិ។

ឥស្សរជន​អន្តរជាតិជឿជាក់ថា ប្រទេសចិននឹងបន្តផ្តល់កម្លាំងចលករដ៏ខ្លាំងក្លា​សម្រាប់ការជំរុញ​ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតតាម​ផ្លូវ​សុចរិត​និង​ផ្តល់​ផល​ប្រយោជន៍ជាទូទៅ​ ព្រម​និងជួយបណ្តា​​ប្រទេសសកលខាងត្បូង​ពង្រឹងការកសាងសមត្ថភាពរបស់ពួកគេ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close