បទវិភាគ​៖​ឆ្នាំ​ចាប់ផ្តើមនៃ​ការ​អនុវត្ត​“ផែនការអភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី១៥”​បាន​កន្លង​ផុត​ទៅ​ពាក់កណ្តាលហើយ ​“អត្រា​ប្រើ​ប្រាស់​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា”ក្នុង​​សេដ្ឋ​កិច្ច​ចិន​បន្តកើនឡើងជា​បន្ត​បន្ទាប់​

Cambodia News

“ក្នុងរយៈពេល​៥ខែដើមឆ្នាំនេះ ការវិនិយោគ​របស់ចិនក្នុង​វិស័យវិទ្យាសាស្ត្រនិង​បច្ចេក​វិទ្យា​ខ្ពស់បានកើនឡើង​ ៤,៥ភាគរយ​បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នានាឆ្នាំមុន ​ហើយ​ទំហំ​នាំចេញ​ផលិតផល​ឧស្សាហកម្មកម្មន្តសាល​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាខ្ពស់​បាន​កើន​ឡើ​ង​ជិត ៣១ភាគរយ​បើប្រៀបធៀបនឹង​រយៈពេលដូចគ្នា​នាឆ្នាំមុន”។ ​«របាយការណ៍​ស​ង្ខេ​ប​អំពី​សេដ្ឋកិច្ចចិន»​ដែលចេញផ្សាយ​ដោយធនាគារ​ពិភពលោក​កាលពី​ថ្ងៃទី ៧ ខែកក្កដា​បាន​ផ្តល់​ទិន្នន័យ​មួយក្រុម​ដូច​ការ​លើកឡើង​ខាងលើ ។ ​ក្រោមការដឹកនាំ​របស់ឧស្សាហកម្ម​វិទ្យា​សាស្ត្រនិង​បច្ចេកវិទ្យាខ្ពស់ ការវិនិយោគ​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​របស់ចិន​សម្រេចបាន​នូវ​កំណើន​លើសពី​ការ​ប៉ាន់​ប្រមាណ​ទុក​ជា​មុន ។ ​មូលហេតុ​នៅ​ពី​ក្រោយ​នេះ​គឺ​​តម្រូវការ​យ៉ាង​ខ្លាំង​នៅក្នុងទីផ្សារក្នុង​និងក្រៅប្រទេសចិន​ចំពោះ​​ផលិតផល​និងសេវាកម្ម​ពាក់​ព័ន្ធ​នឹង​បញ្ញា​សិប្បនិម្មិត ។ ​ទន្ទឹមនឹងនេះ ​ការនាំចេញ​​ផលិតផល​របស់ចិន​ដែលបូករួមទាំង​រថ​យន្ត​អគ្គិ​សនី អាគុយលីចូម​និងផលិតផល​ប្រព័ន្ធPVដែល​ជាតំណាងនៃ​“ផលិតផលថ្មី​ទាំងបី”​កំពុ​ង​ជំនួស​ផលិតផលប្រភេទ​ពលកម្ម​ជា​ប្រពៃណី​បន្តិចម្តងៗ​ ដែល​ក្លាយជា​ក្បាល​ម៉ាស៊ីនថ្មីក្នុង​ការ​ជំរុញកំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់ចិន ។ ​នេះក៏ជា​ការឆ្លុះ​បញ្ចាំង​​យ៉ាងរស់រវើកនៃ​ការ​កើនឡើង​ជាបន្តបន្ទាប់នៃ​ “អត្រា​ប្រើ​ប្រាស់​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា” នៃ​សេដ្ឋកិច្ចចិន​ផង​ដែរ ។

ភាពធន់នៃ​ការផ្តល់កម្លាំងចលករ​ដោយវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​បែបនេះ ​មិនមែន​កើត​ឡើងដោយ​គ្មានមូលដ្ឋានគ្រឹះ​នោះ​ទេ ​វាគឺ​ចាក់ឬសគល់​យ៉ាងជ្រាល​ជ្រៅ​ក្នុង​ការ​ជ្រើស​រើស​ដោយម្ចាស់​ការ​​និងការប្រតិបត្តិ​យ៉ាងសកម្មនៃ​ទីផ្សារ ។ មុនដំបូង ​ក្រោមសម្ពាធ​”ការ​ផ្គត់​ផ្គង់ខ្លាំង​ តែតម្រូវការ​ខ្សោយ” ប្រាក់ទុនមិន​ជ្រើសរើស​រលកនិន្នាការ​ដោយងងឹត​ងងល់​ទេ ប៉ុន្តែ​បានរៀបចំ​ផែនការដោយ​ចំគោដៅ​​ទៅលើវិស័យ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាខ្ពស់​ដែល​អាចកសាង​របាំងប្រកួត​ប្រជែង​រយៈពេល​វែង ។​មិនថាបន្ទះឈីប​និងម៉ាស៊ីន​មេ​ក​ម្រិត​ខ្ពស់​(High-end Server)ដែល​គាំទ្រការ​ហ្វឹកហ្វឺនគំរូ​ធំនៃបញ្ញាសិប្បនិម្មិត​ក៏ដោយ ឬ​សម្ភា​រៈ​កម្រិត​ខ្ពស់​និងឧបករណ៍​ផលិតកម្មទំនើប​​សម្រាប់​ការលើកកម្ពស់​លំដាប់​ថ្នាក់​​ប្រកបដោយ​ភាព​ឆ្លាត​វៃ​នៃវិស័យ​ឧស្សាហកម្មកម្មន្តសាល​ វា​សុទ្ធតែបាន​ក្លាយជា​ចំណុចក្តៅ​នៃ​ការ​វិនិ​យោ​គ​។​ការ​ជំរុញ​ឱ្យ​រចនាសម្ព័ន្ធ​វិនិយោគបែប​នេះ​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​និង​លំដាប់​កាន់​តែ​ខ្ពស់​​គឺ​ជា​ការបង្ហាញដោយ​ផ្ទាល់បំផុតនៃ​សេដ្ឋកិច្ចចិនក្នុង​​”ការ​លុប​បំបាត់​ចោល​របស់​ចាស់ៗ និង​ពូន​ជ្រំ​របស់​ថ្មីៗ”និងការ​កើនឡើង​ជាបន្តបន្ទាប់​នៃ​អត្រា​ប្រើ​ប្រាស់​វិទ្យា​សា​ស្ត្រ​និង​បច្ចេក​វិទ្យា​ ។

ទីពីរ​ រចនាសម្ព័ន្ធ​នាំចេញត្រូវ​បាន​កែ​លម្អ​ ។ ប៉ុន្មានឆ្នាំ​កន្លងទៅ​នេះ ​ឧត្តមភាពក្នុង​ការ​​នាំ​ចេញ​ផលិតផលបែប​ប្រពៃណី​ដែលពឹងផ្អែក​លើកម្លាំងពលកម្ម​របស់ចិន​ត្រូវ​បានកាត់បន្ថយ ​ហើយ​ធនធាន​ដែលត្រូវបាន​បញ្ចេញ កំពុងហូរចូល​ទៅកាន់​ឧស្សាហកម្ម​ដែលពឹងផ្អែក​លើ​បច្ចេ​កវិទ្យា​ ។ ​បច្ចុប្បន្ននេះ ​ផលិតផល​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាខ្ពស់​របស់ចិន​អាច​ប្រកួត​ប្រ​ជែងជាមួយ​ប្រទេសខ្លាំងក្លាខាង​ឧស្សាហកម្មតាំង​ពី​មុន​មក ដូច​ជា​អាមេរិកនិងអឺរ៉ុបជា​ដើម​ ។ នេះមិន​ត្រឹមតែ​ជាការ​ប្រសើរឡើងនៃ​រចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ​ប៉ុន្តែថែម​ទាំង​ជា​ការកើនឡើង​ទាំងមូលនៃ​ខ្សែសង្វាក់​គុណ​តម្លៃឧស្សាហកម្ម​របស់ចិនផង​ដែរ​ វា​បាន​បញ្ជាក់​យ៉ាង​ខ្លាំង​ថា​ សេដ្ឋកិច្ច​ចិន​មាន​លក្ខណៈពិសេស​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​កាន់តែ​លេច​ធ្លោ ។

ឆ្នាំ​ចាប់ផ្តើមនៃ​ការ​អនុវត្ត​“ផែនការ​អភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី១៥”​បានកន្លងផុត​ទៅ​ពាក់​កណ្តា​ល​ហើយ។ ​ប្រឈមមុខនឹង​បរិយាកាសចិន​និងអន្តរជាតិ​ដ៏ស្មុគស្មាញ ​តើសេដ្ឋកិច្ចចិន​នឹង​មាន​សភាព​យ៉ាង​ណា​? ចម្លើយ​មិនមែន​នៅក្នុង​ពាក្យស្លោក​ដែលគ្មាន​អត្ថន័យ​នោះ​ទេ ​ប៉ុន្តែ​គឺ​នៅក្នុង​​ទិន្នន័យ​ដ៏រស់រវើកវិញ ។

បើ​និយាយជារួម​ ​របាយការណ៍នៃ​ធនាគារ​ពិភពលោកនេះ ​ប្រៀបដូចជា​កញ្ចក់មួយ​ដែ​ល​បាន​ឆ្លុះបញ្ចាំង​ពីរូបភាពនៃ​ការធ្វើបរិវត្តកម្មនៃ​អង្គភាពសេដ្ឋកិច្ច​ធំនេះ​ ដែលកំពុង​ឆ្ពោះ​ទៅ​មុខ​ក្រោមសម្ពាធ​ ដោយ​ប្រកាន់ខ្ជាប់យ៉ាង​មុត​មាំ​នូវ​ “ការផ្តល់​កម្លាំងចលករ​ដោយ​វិទ្យា​សា​ស្ត្រ​និង​បច្ចេក​វិទ្យានិង​ការលើកកម្ពស់​គុណភាព” ។ រីឯ​ការបន្ត​លើកកម្ពស់​”អត្រា​ប្រើ​ប្រាស់​​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា”​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច ​ប្រកាន់ខ្ជាប់​​ការជំរុញដោយ​ការ​ច្នៃ​ប្រ​ឌិត​ថ្មី​ និង​តម្កល់ទុក​គុណភាពជា​អាទិភាពចម្បង​ គឺជា​ជម្រើស​រយៈពេល​វែងរបស់​ចិន​ក្នុង​ការ​ដើរ​ឆ្ពោះ​ទៅរក​​អនាគតកាន់​តែ​ឆ្ងាយ​និង​កាន់​តែ​រឹង​មាំ​ ហើយក៏ជា​​លេខសម្ងាត់គន្លឹះ​ក្នុង​ការ​សម្រាច​បាន​នូវ​ការ​អភិ​វឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់​របស់​សេដ្ឋកិច្ច​ចិន​ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close