ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់
Cambodia News
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបន្តពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារនៃការរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការភាព» សំដៅធានាការលើកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិបុគ្គល និងពង្រឹងការប្រតិបត្តិការងារសារព័ត៌មានឱ្យស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងព័ត៌មាន និងតំណាងអង្គការអន្តរជាតិដៃគូសំខាន់ៗរួមមាន៖ អង្គការ Plan International Cambodia, Save the Children Cambodia, World Vision International, UNICEF Cambodia និងអង្គការCare។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនេះ ក្រសួងព័ត៌មានបានសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងការតាក់តែងសេចក្តីព្រាងនៃគោលការណ៍ណែនាំនេះ និងបានពិនិត្យយ៉ាងល្អិតល្អន់លើធាតុចូលទាំងអស់ សម្រាប់រំលេចដាក់បញ្ចូលក្នុងសេចក្តីព្រាងនេះនៅក្នុងដំណើរការងារ សំដៅធានាថាខ្លឹមសារនៃសេចក្តីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃគំនិតផ្តួចផ្តើមឱ្យមានរៀបចំគោលការណ៍ណែនាំនេះឡើង គឺក្នុងគោលបំណងផ្តល់ជាមូលដ្ឋានមួយបន្ថែមទៀតសម្រាប់ការទម្រង់ទិសលើការប្រតិបត្តិនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកអនុវត្តការងារព័ត៌មាននិងសោតទស្សន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា ការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌ គឺជាការចូលរួមក្នុងការលើកកម្ពស់សិទ្ធិពលរដ្ឋ បរិយាកាសសុវត្ថិភាពសម្រាប់គុណភាពជីវិត និងលើកស្ទួយសីលធម៌សង្គម ពិសេសក្នុងការការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ជនងាយរងគ្រោះនៅក្នុងសង្គម។
ក្នុងឱកាសនោះដែរ តំណាងអង្គការអន្តរជាតិដៃគូ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំឱ្យមានគោលការណ៍ណែនាំនេះឡើងបន្ថែមលើលិខិតបទដ្ឋានដែលមានស្រាប់ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ។ តំណាងអង្គការអន្តរជាតិដៃគូបានលើកឡើងថា ស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងការរៀបចំគោលការណ៍ណែនាំនេះ រួមចំណែកយ៉ាងខ្លាំងដល់ការបង្កើតបរិយាកាសព័ត៌មានមួយដែលមានសុវត្ថិភាព ក្រមសីលធម៌ និងចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ការរើសអើង ឬការបង្កព្យសនកម្មណាមួយជាយថាហេតុប៉ះពាល់ដល់ក្រុមជនងាយរងគ្រោះក្នុងសង្គម។
សូមបញ្ជាក់ថា អង្គប្រជុំបានពិភាក្សា និងឯកភាពគ្នាលើសកម្មភាព និងបែបផែនសម្រាប់ការរៀបចំការពិគ្រោះយោបល់នៅពេលខាងមុខ លើសេចក្តីព្រាងនៃគោលការណ៍ណែនាំនេះជាមួយអ្នកសារព័ត៌មាន ក្រុមជនងាយរងគ្រោះ និងតួអង្គពាក់ព័ន្ធក្នុងវិស័យការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការនៅកម្ពុជា។ កិច្ចប្រជុំពិគ្រោះយោបល់នេះនឹងត្រូវរៀបចំឡើងក្នុងគោលបំណងស្តាប់សំឡេង ប្រមូលគំនិត យោបល់ និងធាតុចូលរបស់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសអ្នកសារព័ត៌មាន, ស្ត្រី កុមារ ជនមានពិការភាព ដើម្បី ធានាថាគោលការណ៍ណែនាំនេះឆ្លើយតបនឹងគោលបំណង និងសេចក្តីត្រូវការរួមគឺ៖ លើកកម្ពស់ការពារសិទ្ធិក្រុមជនងាយរងគ្រោះ និងលើកតម្កើងគុណតម្លៃសារព័ត៌មានបង្កើនជំនឿចិត្តក្នុងសង្គម៕
