ទំនាក់ទំនងល្អរវាងចិននិងអាមេរិក គឺជាគន្លឹះនៃការរក្សាសន្តិភាពនិងវឌ្ឍនភាពពិភពលោក
Cambodia News
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ចិននិងអាមេរិកជាមហាអំណាចសេដ្ឋកិច្ចលំដាប់កំពូល ដែលមានឥទ្ធិពលសំខាន់ចំពោះនិន្នាការនៃសេដ្ឋកិច្ចសកល ក៏ដូចជាស្ថានការណ៍នៃសន្តិសុខនិងសន្តិភាពរបស់ពិភពលោក។ អាស្រ័យហេតុនេះ ការវិវត្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះតែងតែជាចំណុចក្តៅដែលសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់ជាពិសេស។
យ៉ាងណាមិញ សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយដែលបំផុសឡើងដោយអាមេរិកតែងបង្កជាឧបសគ្គរារាំងដល់ទំនាក់ទំនងជាប្រក្រតីរវាងប្រទេសទាំងពីរ រហូតដល់ធ្វើឱ្យមានភាពរកាំរកូសខ្លាំងនាពេលខ្លះ ដែលជះឥទ្ធិពលអវិជ្ជមានចំពោះសេដ្ឋកិច្ចនិងស្ថិរភាពពិភពលោកទៀតផង។ តួយ៉ាងដូចជា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានដាក់ចេញ«វិធានការពន្ធគយសកល»ដែលដំឡើងពន្ធគយខុសទំនងចំពោះបណ្តាលប្រទេសនានា ជាពិសេសប្រទេសចិន ដែលធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះដល់កម្រិតមិនធ្លាប់មាន។
ដោយឡែក បញ្ហាតៃវ៉ាន់ជាប្រធានបទគន្លឹះនៃទំនាក់ទំនងចិននិងអាមេរិក និងជាបន្ទាត់ក្រហមរបស់ចិនក្នុងកិច្ចការទូត។ ប៉ុន្តែអាមេរិកដែលអះអាងថាខ្លួនគោរពតាមគោលការណ៍ចិនមួយ បែរជាតែងមាន«ទំនាក់ទំនងផ្លូវការ»ជាមួយតៃវ៉ាន់ រហូតដល់ការលក់អាវុធឱ្យតៃវ៉ាន់ក្រោមលេសគ្រប់បែបយ៉ាង។ ការបំពានបន្ទាត់ក្រហមរបស់ចិនជារឿយៗបានបង្កជារបាំងរារាំងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាប្រក្រតីរវាងប្រទេសទាំងពីរ និងបំផ្លាញដល់ទំនុកចិត្តខាងនយោបាយដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី។
ជានិច្ចកាល អាមេរិកតែងចាត់ទុកចិនជាគូប្រជែងដ៏ធំខាងភូមិសាស្ត្រនយោបាយរបស់ខ្លួន និងជា«ឧបសគ្គ»រារាំងការធ្វើអនុវត្តភាពរបស់ខ្លួននៅលើពិភពលោក ដោយសារតែចិនប្រកាន់ខ្ជាប់ពហុភាគីនិយម ពិភពលោកពហុប៉ូលនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ គំនិតផ្តួចផ្តើមធំៗរបស់ចិនសុទ្ធតែមានគោលបំណងពង្រឹងនិងពង្រីកការតភ្ជាប់គ្នាជាសកល ព្រមនឹងធ្វើការជាមួយគ្នាដើម្បីសម្រេចវឌ្ឍនភាពនិងវិបុលភាពរួម ដែលផ្ទុយស្រឡះពីផ្នត់គំនិតល្បែងផលបូកសូន្យ(ម្ខាងឈ្នះម្ខាងចាញ់ ម្ខាងចំណេញម្ខាងខាត)របស់អាមេរិក ក៏ដូចជាគោលនយោបាយ«អាមេរិកជាអាទិភាព» និងការបញ្ចុះបញ្ចូលឬបង្ខំឱ្យប្រទេសដទៃជ្រើសយកការឈរនៅម្ខាងណាមួយ។
យ៉ាងណាមិញ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងក្នុងកិច្ចជំនួបជាមួយថ្នាក់ដឹកនាំអាមេរិកថា៖ «ពិភពលោកយើងធំទូលាយណាស់ ដែលអាចអនុញ្ញាតឱ្យចិននិងអាមេរិករួមរស់ជាមួយគ្នា ហើយធ្វើការអភិវឌ្ឍរៀងខ្លួននិងអភិវឌ្ឍរួមគ្នាបាន»។ ការលើកឡើងបែបនេះជាការសបញ្ជាក់ពីឆន្ទៈរបស់ចិនក្នុងការធ្វើការជាមួយអាមេរិកដើម្បីស្វែងរកផលប្រយោជន៍រួម បើទោះបីជាប្រទេសទាំងពីរមានអរិយធម៌ វប្បធម៌ ជាតិសាសន៍ និងគោលនយោបាយខុសគ្នាក្តី។ អាស្រ័យហេតុនេះ ចិនបានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ដែលជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៅចិនបន្ទាប់ពីរំលងអស់៩ ឆ្នាំ។
ប្រទេសចិនចង់បង្ហាញទៅកាន់អាមេរិកនិងពិភពលោកថា ចិនត្រៀមខ្លួនធ្វើការជាមួយគ្រប់ប្រទេសទាំងអស់ ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរ។ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរទស្សនយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិក ព្រមទាំងបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនិងសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក។ បើតាមក្រសួងការបរទេសចិន ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីអាមេរិកដោយផ្អែកលើស្មារតីនៃសមភាព ការគោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតឱ្យបានសមរម្យ។
អ្វីដែលជាការរំពឹងទុករបស់សហគមន៍អន្តរជាតិ គឺមហាអំណាចទាំងពីរអាចឈានដល់គំនិតឯកភាពរួមក្នុងបញ្ហាសំខាន់ៗ ដើម្បីផ្តល់នូវជំនឿចិត្តនិងបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាសម្រាប់ពិភពលោកបច្ចុប្បន្នដែលបាននិងកំពុងកើតមានភាពរង្គោះរង្គើ។ ប្រសិនជាភាគីទាំងពីរសុទ្ធតែបង្ហាញពីភាពស្មោះត្រង់ នោះជឿជាក់ថាដំណើរទស្សនកិច្ចលើកនេះប្រាកដជានឹងទទួលបានលទ្ធផលជាផ្លែផ្កាដូចការរំពឹងទុកមិនខាន។
ពិភពលោកបច្ចុប្បន្នមិនមែនជា«ពិភពច្បាប់ព្រៃ»ដែលខ្លាំងស៊ីខ្សោយដូចសម័យមុននោះទេ ពោលគឺគ្មានអធិរាជដែលធំលើសគេទេ មានតែប្រទេសតូចធំដែលមានសិទ្ធិស្មើគ្នា។ ភពផែនដីជារបស់មនុស្សជាតិទាំងមូល មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេស កម្លាំងឬបុគ្គលណានោះទេ ហើយក៏គ្មានប្រទេស កម្លាំងឬបុគ្គលណាដែលអាចដោះស្រាយបញ្ហាសកលដោយឯកឯងនោះដែរ ពោលគឺការដោះស្រាយបញ្ហាសកលត្រូវមានការចូលរួមពីគ្រប់ភាគី ដើម្បីប្រមូលផ្តុំទាំងពុទ្ធិនិងផែនការដែលអាចអនុវត្តបាននិងមានប្រសិទ្ធភាព។ ក្នុងនោះ បើសិនជាប្រទេសដ៏មានឥទ្ធិពលទាំងពីរចិននិងអាមេរិកអាចអង្គុយចុះមកពិភាក្សាគ្នា ហើយធ្វើការជាមួយគ្នាដោយស្មោះត្រង់ នោះជាការរួមចំណែកដ៏ធំសម្រាប់ការជំរុញនិងរក្សាសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
