គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ បំពេញទស្សនកិច្ចសិក្សានៅប្រទេសចិន ដើម្បីដកស្រង់បទពិសោធន៍អភិវឌ្ឍន៍ជនបទ និងរដ្ឋបាលឌីជីថល
Cambodia News
ភ្នំពេញ៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងទំនាក់ទំនង «មិត្តភាពដែកថែប» កម្ពុជា-ចិន គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដឹកនាំដោយ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក បាននិងកំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដកស្រង់បទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅថ្នាក់មូលដ្ឋាន។
លោក ម៉ននី បណ្ឌិត បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានសមាសភាពចំនួន ១០រូប ចូលរួម ដើម្បីសិក្សាពីការកាត់បន្ថយភាពក្រីក្រ និងការប្រែក្លាយតំបន់ជនបទដាច់ស្រយាល ឱ្យទៅជាតំបន់សេដ្ឋកិច្ចមានវឌ្ឍនភាព។
លោកបានគូសបញ្ជាក់ថា ការសិក្សាពីចក្ខុវិស័យនៃការដឹកនាំ និងការចូលរួមរបស់ពលរដ្ឋចិន គឺជាធាតុចូលដ៏សំខាន់សម្រាប់យកមកសម្របសម្រួលអនុវត្តឱ្យស្របតាមបរិបទជាក់ស្តែងនៃស្រុកបាភ្នំ។
លោកអភិបាលស្រុកបានបន្តថា ដោយផ្អែកលើសក្តានុពលកសិកម្មរបស់ស្រុកបាភ្នំ គណៈប្រតិភូបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនទិន្នផល និងប្រសិទ្ធភាពផលិតកម្ម និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យដើម្បីគ្រប់គ្រងសេវាសាធារណៈ ជួយឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពរហ័ស ទាន់ចិត្ត និងមានតម្លាភាព។
លោកបញ្ជាក់ថា «បទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមេរៀនមាសសម្រាប់ការកែច្នៃភូមិ-ឃុំ ក្នុងស្រុកបាភ្នំ ឱ្យមានវឌ្ឍនភាព ប្រកបដោយបរិយាបន្ន និងបច្ចេកវិទ្យា»។
ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសក្នុងការចងសម្ព័ន្ធភាពរវាងរដ្ឋបាលស្រុកបាភ្នំ ជាមួយបណ្តាក្រុង-ស្រុកគំរូរបស់ចិន ដែលវានឹងបើកផ្លូវឱ្យមានការវិនិយោគលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្ស។ កិច្ចសហប្រតិបត្តិការនេះ គឺជាសសរស្តម្ភមួយយ៉ាងរឹងមាំក្នុងការទ្រទ្រង់ «សហគមន៍ជោគវាសនារួម កម្ពុជា-ចិន» ឱ្យកាន់តែស៊ីជម្រៅនៅកម្រិតមូលដ្ឋាន។
តាមរយៈការដកស្រង់ «រូបមន្តជោគជ័យ» ពីមហាអំណាចសេដ្ឋកិច្ចទី២ លើសកលលោកនេះ រដ្ឋបាលស្រុកបាភ្នំរំពឹងថា នឹងអាចបង្កើតជាគំរូថ្មីមួយនៃការធ្វើទំនើបកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអាចជាមេរៀនសម្រាប់បណ្តាស្រុកដទៃទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងយុគសម័យឌីជីថលនេះផងដែរ៕
