ឯកឧត្តម ទេព អស្នារិទ្ធ អំពាវនាវឲ្យបន្តប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈត្រីមាសទី១ រកឃើញព័ត៌មានក្លែងក្លាយជិត៩០០ករណី

ភ្នំពេញ ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តអំពាវនាវជាថ្មីឲ្យសាធារណជនយកចិត្តទុកដាក់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខណៈគណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយចំនួន៨៨៤ករណី នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥ ។

ក្នុងស្ថានភាពដែលបានរកឃើញព័ត៌មានក្លែងក្លាយជិត៩០០ករណីនេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្ញើសារដាស់តឿនទៅដល់ យុវជន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអ្នកផលិតមាតិកាបណ្តាញសង្គមនានា គួរតែយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយការបង្កើត ការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម និងឥទ្ធិពលអាក្រក់ ដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ឯកឧត្តមបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ត្រូវធ្វើជាពលរដ្ឋឌីជីថលល្អនៅថ្ងៃនេះនិង នៅថ្ងៃមុខ ដោយកុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម។

ឯកឧត្តមអ្នកនាំពាក្យសង្កត់ធ្ងន់ថា ត្រូវផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលទទួលបាន ជាពិសេសព័ត៌មានពីបណ្តាញសង្គមនានា ដើម្បីទាំងអស់គ្នាចូលរួមទប់ស្កាត់ ឈានទៅបញ្ចប់នូវព័ត៌មានក្លែងក្លាយ ដើម្បីការពារខ្លួន គ្រួសារ និងសង្គមជាតិ ។

អ្នកនាំពាក្យបន្ថែមថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយគឺសុទ្ធតែមានឥទ្ធិពលអវិជ្ជមាន មកលើសន្តិសុខសណ្តាប់ធ្នាប់ និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតឲ្យមានអំពើហិង្សា ដែលបណ្តាលឲ្យកើតមានអរិភាពក្នុងសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តមកលើថ្នាក់ដឹកនាំ ហើយអាចឲ្យសង្គមបែកបាក់សាមគ្គីភាពព្រមទាំង បង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។

គួររំលឹកថា កាលពីឆ្នាំ២០២៤ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ចំនួន ៣ ៦៥១ ករណី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងនេះ កាលពីថ្ងៃ១ មេសា ក្រសួងព័ត៌មាន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយមកនៅកម្រិតអប្បបរមា និងឈានទៅលុបបំបាត់នូវព័ត៌មានក្លែងក្លាយពីលំហក្នុងសង្គមកម្ពុជា សំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មាននៅកម្ពុជា៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close