អគ្គិភ័យផ្តាច់ជីវិតកម្មករវៀតណាមអស់១៤នាក់
អគ្គិភ័យនេះបានឆាបឆេះនៅម៉ោង៥ល្ងាចមិញ ក្នុងរោងជាងកាត់ដេរមួយតំបន់ ជាយក្រុងម៉ូស្គូ។ ជាតិវៀតណាមដែលអភ័ព្វស្លាប់ទៅនោះ សុទ្ធតែជាកម្ម ករ ចំណាក ស្រុកដែលបានជ្រៀតចូលមកស៊ីឈ្នួលកាត់ដេរ សំលៀកបំពាក់ទាំង ខុសច្បាប់ នៅលើទឹកដីរុស្ស៊ី។
ជាបឋមគួរនិយាយថា រោងជាងកាត់ដេរនេះស្ថិតនៅក្រុង Egorievsk ចម្ងាយ ១០០គ.ម. ភាគអគ្នេយ៍ពីរដ្ឋធានីម៉ូស្គូ។ នៅវេលាម៉ោង៥ល្ងាចម្សិលមិញ ក្រោយ ពីបានទទួលដំណឹងស្តីអំពីអាសន្នអន្ធក្រនោះ មានឡានទឹកចំនួនដល់ ទៅ១០គ្រឿងបានអន្តរាគមន៍ជាបន្ទាន់។ តាមសំដីប្រធានក្រុមលត់ភ្លើងនោះ អគ្គិភ័យបានឆាបឆេះលើផ្ទៃក្រឡាប្រមាណតែ ៤០ ម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែ មូលហេតុដែលបណ្តាលឲ្យកម្មករ សុទ្ធតែជាជាតិវៀតណាមធ្លាក់ខ្លួន ស្លាប់ច្រើនម្លឹងៗ ដល់ទៅ១៤នាក់តែម្តង គឺមកពីគេទាំងនោះមិនអាចរត់ចេញរួច ពីកន្លែងធ្វើការ នៅពេលដែលគេស្លន់ស្លោ ត្រូវលេបត្របាក់ដោយអណ្តាត ភ្លើងមកពីថៅកែបានចាក់សោបិទទ្វារពីក្រៅ ដើម្បីការពារកុំឲ្យសមត្ថកិច្ច រុស្ស៊ីចូលទៅឆែកឆេរពីព្រោះអ្នកកាត់ដេរទាំងនោះធ្វើការដោយលួចលាក់ទាំង ខុសច្បាប់គ្មានក្រដាសស្នាមអ្វីណាទេ។
ម៉្លោះហើយបានជាពេលឡានទឹកទៅដល់ក្រុមអ្នកលត់ភ្លើង បានបង្ខំចិត្ត គាស់ទ្វារដ៏ធំនោះសិន ដើម្បីមានលទ្ធភាពចូលទៅបាញ់ទឹក បង្ក្រាបភ្លើងនោះ ឲ្យវារលត់ទៅរំលង ២ម៉ោងក្រោយមក។ បន្ទាប់មក សពកម្មករវៀតណាម ទាំង១៤នាក់នោះ ត្រូវបានពិនិត្យមើលដោយក្រុមស៊ើបអង្កេត ទាំងវែកញែកបំភ្លឺ អំពីមូលហេតុនៃអគ្គិភ័យផ្ទាល់។ មកទល់ព្រឹកថ្ងៃនេះ ស្ថាប័នអន្តោប្រវេសន៍ រុស្ស៊ីហៅកាត់ថា FMS បានប្រកាសឲ្យដឹងថា នៅតំបន់ជុំវិញរោងជាងកាត់ ដេរនោះ មានវាតប្រតិបត្តិការ ឃាត់ខ្លួនកម្មករវៀតណាមបានចំនួន ៦០នាក់ ហើយ ដែលស្ថិតនៅលើទឹដីរុស្ស៊ី ទាំងខុសច្បាប់ដែរ។
គ្មានទេ តួលេខពិតប្រាកដនៃចំនួនកម្មករចំណាកស្រុកជាតិវៀតណាម ដែលធ្វើការ នៅរុស្ស៊ី ។ ប៉ុន្តែតាមការប៉ាន់ស្មាននៃស្ថាប័នអន្តោប្រវេសន៍រុស្ស៊ី FMS សព្វថ្ងៃ ស្នាក់នៅធ្វើការតាមច្រកល្ហកប្លែកៗនៃប្រទេសរុស្ស៊ី គឺមានកម្មករ វៀតណាមបែបនេះ ដល់ទៅរាប់ម៉ឺននាក់។ទាក់ទងនឹងជីវិតអ្នកកាត់ដេរវៀតណាម នៅរុស្ស៊ី ក្រុមហ៊ុនវិទ្យុទូរទស្សន៍អង់គ្លេស BBC ធ្លាប់បានលើកយកមកផ្សាយ ជាឧទាហរណ៍ គឺការដំណាលរបស់កម្មករម្នាក់ឈ្មោះ Quong ធ្វើការនៅឯក្រុង រុស្ស៊ី Toula ចម្ងាយ២០០គ.ម. ខាងត្បូងពីរដ្ឋធានីម៉ូស្គូ ដែលត្អូញថា គេត្រូវដេរ ក្នុង១ថ្ងៃៗដល់ទៅ២០ម៉ោង ប៉ុន្តែ៣ឆ្នាំក្រោយមក គេបែរទៅជាជំពាក់ថៅ កែ១៦៥ដុល្លារទៅវិញ លុះទាល់តែនៅទីបំផុត គេបានសុំឲ្យស្ថានទូតវៀត ណាមនៅរុស្ស៊ី ជួយចេញក្រដាសស្នាមទៅគេ និងជួយទិញសំបុត្រយន្តហោះ ឲ្យគេបានត្រឡប់ទៅស្រុកវិញទៅ៕ដោយ កែវ ឆាយា (RFI)