អាជ្ញាធរថៃព្រមានពីការជន់លិចធ្ងន់ធ្ងរ នៅទីក្រុងបាងកក ក្នុងសប្តាហ៍នេះ
សារព័ត៌មាន Cambodia News/
បាងកក ៖ អាជ្ញាធរថៃកាលពីថ្ងៃពុធ បានព្រមានអំពីលទ្ធភាព នៃការជន់លិចក្នុងកម្រិតធ្ងន់ធ្ងរខ្លាំង នៅរាជធានីបាងកក ហើយនិងកន្លែងដទៃទៀត នៃតំបន់ភាគកណ្តាលប្រទេស ដោយសារតែការធ្លាក់ភ្លៀងយ៉ាងជោគជាំនារដូវមូសុង ត្រូវបានព្យាករថា នឹងនៅបន្តពេញមួយសប្តាហ៍នេះ។
ទីក្រុងបាងកកបានរងការជន់លិចខ្លះៗ ចាប់តាំងពីតែពីថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ដោយសារតែការធ្លាក់ភ្លៀងខ្លាំង ប៉ុន្តែវាបានថមថយទៅវិញ នៅតាមតំបន់ភាគច្រើននៃទីក្រុង គិតត្រឹមវេលាព្រឹកថ្ងៃពុធនេះ។
ចំណែកនៅផ្នែកជាច្រើននៃប្រទេសថៃ គឺបាននិងកំពុងស្ថិតក្រោមការលិចលង់រួចស្រេច ចាប់តាំងពីសំណល់នៃព្យុះត្រូពិច ណូរូ (Noru) ដែលបានធ្វើដំណើរឆ្លងកាត់ហ្វីលីពីន និងវៀតណាម បោកបក់មកដល់ថៃ កាលពីកំលុងសប្តាហ៍ចុងក្រោយ នៃខែកញ្ញាកន្លងទៅនេះ៕