អភិបាលកិច្ចបក្សកុម្មុយនិស្តចិន ពីកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០

Cambodia News

ជាតថភាព កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ដែល បានប្រព្រឹត្តទៅ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដែលផ្តោតជាចម្បងលើបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរឹង ដោយគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំពេញអង្គនេះក៏ជាឱកាសឈ្វេងយល់ពីទំនាក់ទំនងរវាងការដឹកនាំ នយោបាយ ការកែទម្រង់ស្ថាប័ន ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់វិបុលភាពជូនដល់ប្រជាជនចិន ក្រោមអភិបាលកិច្ចដ៏មហិមា របស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

ចាប់តាំងពីមហាសន្និបាតលើកទី១៨មក លោក Xi Jinping បានសង្កត់ធ្ងន់លើការកសាងបក្សម៉ាក្សនិយម ដែលអាចដឹកនាំប្រទេសបានយូរអង្វែង និងមានសមត្ថភាពឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។ គំនិតរបស់ លោកស្តីពីការកសាងបក្ស គឺជាផ្នែកសំខាន់មួយនៃគំនិតទំនើបកម្មសង្គមនិយមតាមបែបផែនចិនសម្រាប់ យុគសម័យថ្មី។ គោលការណ៍សំខាន់ៗរួមមាន ការរក្សាការដឹកនាំរបស់បក្ស ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ការពង្រឹងការកសាងនយោបាយ និងសតិអារម្មណ៍ ការកសាងប្រព័ន្ធអង្គការដែលអនុវត្តការងារបានល្អ ការបណ្តុះបណ្តាលមន្ត្រីមានសមត្ថភាព និងការអនុវត្តវិន័យនិងបទបញ្ជា។ ជាមួយគ្នានេះ ការប្រឆាំង អំពើពុករលួយត្រូវរួមបញ្ចូលការធ្វើឱ្យមន្ត្រីមិនហ៊ាន មិនអាច និងមិនចង់ប្រព្រឹត្តអំពើពុករលួយ ដោយប្រើ ទាំងវិធានការផ្លូវច្បាប់ ប្រព័ន្ធត្រួតពិនិត្យ និងការកសាងសីលធម៌។

បទពិសោធន៍សំខាន់ គឺការកសាងបក្សត្រូវមាននិរន្តរភាព មិនមែនពឹងផ្អែកតែលើយុទ្ធនាការរយៈពេល ខ្លីទេ។ វាត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវ ការត្រួតពិនិត្យ និងការកែលម្អប្រព័ន្ធជាប្រចាំ។ ក្នុងការ សម្រេចគោលដៅនេះ ការអនុវត្តគោលនយោបាយត្រូវមានការកំណត់ការទទួលខុសត្រូវច្បាស់លាស់ ការ សម្របសម្រួលរវាងស្ថាប័ន និងការវាយតម្លៃលទ្ធផលជាក់ស្តែង។ បច្ចេកវិទ្យាឌីជីថលអាចជួយកែលម្អ សេវាសាធារណៈ ប៉ុន្តែក៏ត្រូវធានាសុវត្ថិភាពទិន្នន័យ និងលទ្ធភាពទទួលបានសេវារបស់ប្រជាជនគ្រប់ក្រុម ផងដែរ។

ការកសាងបក្សប្រកបដោយនិរន្តរភាព និងអភិបាលកិច្ចដែលមានប្រសិទ្ធភាព គឺជាផ្នែកសំខាន់ នៃការជំរុញការអភិវឌ្ឍជាតិ និងការសម្រេចគោលដៅទំនើបកម្មរបស់ប្រទេសចិន។ តាមរយៈបទពិសោធន៍ នៃអភិបាលកិច្ចបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល នោះសមិទ្ធផលដែលប្រទេសចិន បាននិងកំពុងទទួលបាននឹងក្លាយជាចលករបង្កើតមូលដ្ឋានសម្រាប់បន្តបោះជំហានយ៉ាងស្វាហាប់ទៅគោលដៅខួប១០០ឆ្នាំលើកទី២ដែលបានដាក់ចេញដោយបក្សកុម្មុយនិស្តចិនក្នុងការកសាងប្រទេស សង្គមនិយមទំនើបដ៏រឹងមាំ និងមានវិបុលភាពនៅពាក់កណ្តាលសតវត្សរ៍ទី២១។

ទស្សនវិជ្ជារបស់លោក Xi Jinping ក្នុងការដឹកនាំបក្សកុម្មុយនិស្តចិន បានក្លាយជាបទពិសោធន៍សម្រាប់ បក្សនយោបាយនៅតាមបណ្តាប្រទេសនានា យកទៅសិក្សាក្នុងការពង្រឹងសមត្ថភាពស្ថាប័ន ការបង្ការ អំពើពុករលួយ ការបណ្តុះបណ្តាលមន្ត្រីដែលមានសមត្ថភាព និងសុចរិតភាព ព្រមទាំងការបង្កើត ប្រព័ន្ធតាមដាននិងវាយតម្លៃដែលអាចធានាឱ្យគោលនយោបាយត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។ ការដាក់ប្រជាជនជាចំណុចស្នូលនៃការអភិវឌ្ឍ និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

ជារួម ទស្សនវិជ្ជានយោបាយដឹកនាំបក្សកុម្មុយនិស្តចិនរបស់លោក Xi Jinping ស្តីពីការកសាងបក្ស បាន ភ្ជាប់ការពង្រឹងវិន័យ និងសមត្ថភាព ដឹកនាំទៅនឹងគោលដៅពង្រឹងប្រទេស និងជំរុញការធ្វើទំនើបកម្ម តាមបែបចិន។ ចំណុចសំខាន់គឺការធានាថាគោលការណ៍ និងគោលនយោបាយអាចបម្លែងទៅជា លទ្ធផលជាក់ស្តែង តាមរយៈការកែលម្អសេវាសាធារណៈ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close