តំណែងនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ចាន់អូចា នឹងសម្រេចនៅចុងខែនេះ
សារព័ត៌មាន Cambodia News/
ថៃ ៖ តុលាការធម្មនុញ្ញថៃ បានកំណត់យកថ្ងៃទី៣០ ខែកញ្ញា ធ្វើជាកាលបរិច្ឆេទសម្រាប់ប្រកាស សេចក្តីសម្រេចជុំវិញអាណត្តិកាន់អំណាចរបស់លោក ប្រាយុទ្ធ ចាន់អូចា ខណៈតំណែងនាយករដ្ឋមន្រ្តីរបស់លោក កំពុងស្ថិតក្រោមការព្យួរជាបណ្តោះអាសន្ន។
តុលាការធម្មនុញ្ញថៃកំពុងតែពិចារណាលើ សំណុំរឿងដែលស្នើឡើងដោយ គណបក្សប្រឆាំង ភឿថៃ (Pheu Thai) ដែលបានអះអាងថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ គឺគួរតែបានផុតកំណត់តាំងតែពីខែសីហាកន្លងទៅម្ល៉េះ។
លោក ប្រាយុទ្ធ ចាន់អូចា វ័យ៦៨ឆ្នាំ បាននិយាយថា រូបលោកនឹងគោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ ខណៈឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងកាន់តំណែងជា នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។
ស្របពេលដែលតំណែងជា ប្រមុខរដ្ឋាភិបាលត្រូវបានព្យួរ លោក ប្រាយុទ្ធ កំពុងនៅបន្តកាន់តួនាទីជា រដ្ឋមន្រ្តីការពារជាតិ ហើយអាចនឹងត្រឡប់មកជា នាយករដ្ឋមន្រ្តីដូចដើមវិញ ប្រសិនបើតុលាការសម្រេចថា អាណត្តិលោកមិនទាន់ដល់៨ឆ្នាំ ដែលត្រូវបានកំណត់នៅឡើយទេ៕