អ៊ីរ៉ង់​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃអាទិត្យនេះថា នៅក្នុង ពេល បើកធ្វើជំនួបកំពូលនៅសប្តាហ៍ក្រោយនេះ មេដឹកនាំប្រទេសក្នុងចលនាមិន ចូលបក្សសម្ព័ន្ធគួរបង្ហាញជំហររួមគ្នា ប្រឆាំងនឹងទណ្ឌកម្មរបស់លោក ខាងលិចមកលើអ៊ីរ៉ង់ ជុំវិញសំណុំរឿងនុយក្លេអ៊ែរ។ ជំនួបកំពូលរបស់ចលនាមិន ចូលបក្សសម្ព័ន្ធ ដែលមានកម្ពុជាជាសមាជិកមួយដែរនោះ នឹងត្រូវបើកធ្វើ នៅ ថ្ងៃទី៣០ និង៣១សីហា នៅក្នុងប្រទេសអ៊ីរ៉ង់។

ថ្លែងក្នុងពេលបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំជំនួបកំពូលចលនាមិនចូលបក្ស សម្ព័ន្ធ លោកអាលី អាក្បា សាឡេហ៊ី (Ali Gakbar Salehi) រដ្ឋមន្រ្តីក្រសួង ការបរទេសអ៊ីរ៉ង់ បានលើកឡើងថា ចលនាមិនចូលបក្សសម្ព័ន្ធគួរតែហ៊ានងើបឡើង ប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ជាឯកតោភាគីរបស់លោកខាងលិចមក លើប្រទេសណាមួយ ដែលជាសមាជិករបស់ខ្លួន។

បច្ចុប្បន្ននេះ អ៊ីរ៉ង់កំពុងទទួលរងនូវទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ជាពិសេស ទណ្ឌកម្មលើវិស័យប្រេងកាត ដោយសារតែគេសង្ស័យថា អ៊ីរ៉ង់កំពុង អភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែរយោធា។ អ៊ីរ៉ង់វិញ តែងតែអះអាងថា កម្មវិធីនុយក្លេ អ៊ែររបស់ខ្លួន គឺធ្វើឡើង ក្នុងគោលដៅស៊ីវិលតែប៉ុណ្ណោះ មិនមែនដើម្បី ផលិត អាវុធនុយក្លេអ៊ែរនោះទេ។

ឆ្លៀតក្នុងពេលធ្វើជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ អ៊ីរ៉ង់កំពុងតែបញ្ចុះ បញ្ចូលឲ្យថ្នាក់ដឹកនាំប្រទេសក្នុងចលនានេះ បង្ហាញជំហរជាសាធារណៈគាំទ្រ អ៊ីរ៉ង់ ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច។ នៅថ្ងៃនេះ លោកប្រមុខការ ទូតអ៊ីរ៉ង់បានទាំងអះអាងទៀតថា ប្រទេសក្នុងចលនាមិនចូលបក្សសម្ព័ន្ធបាន គាំទ្រសិទ្ធិស្របច្បាប់របស់ អ៊ីរ៉ង់ ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។

នៅពេលបច្ចុប្បន្ននេះ ក្នុងចំណោមប្រទេសជាសមាជិករបស់ចលនាមិនចូល បក្សសម្ព័ន្ធក្រៅពីអ៊ីរ៉ង់ មានប្រទេស ៣ផ្សេងទៀត ដែលកំពុងរងទណ្ឌ កម្មពីសំណាក់ប្រទេសលោកខាងលិច ក្នុងនោះ រួមមាន កូរ៉េខាងជើង រងទណ្ឌ កម្មដោយមកពីកម្មវិធីនុយក្លេអ៊ែរយោធាស៊ីរីមកពីរដ្ឋាភិបាលបានប្រើកម្លាំង បង្រ្កាបចលនាប្រឆាំង និងហ្ស៊ីមបាវ៉េ មកពីមានអំពើហិង្សាផ្នែកនយោបាយ និង ការរំលោភសិទ្ធិមនុស្ស។

គួររំឭកឡើងវិញថា ចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានបង្កើតឡើង កាលពីឆ្នាំ ១៩៦១ នៅក្នុងអំឡុងសង្រ្គាមត្រជាក់ ដោយប្រទេស ដែលអះអាងថា មិនស្ថិត នៅក្នុងប្លុកអាមេរិក ហើយក៏មិនស្ថិតក្នុងប្លុកសហភាពសូវៀត។ បច្ចុប្បន្ន ចលនាមិនចូលបក្សសម្ព័ន្ធនេះមានសមាជិកសរុបចំនួន ១២០ ក្នុង នោះ ក៏មានប្រទេសកម្ពុជាមួយដែរ។ រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាស ឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងទៅចូលរួមជំនួបកំពូលចលនា មិនចូលបក្សសម្ព័ន្ធនៅប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រក្រោយ នេះ៕ ដោយ សេង ឌីណា(RFI)

Related Articles

Back to top button
Close
Close