សម្តេចតេជោ ប្រកាសបញ្ជារដ្ឋមន្ត្រី៤រូប ជួសជុលផ្លូវ ស្ពាន និងទំនប់ទឹក ដែលខូចខាតដោយជំនន់ទឹកភ្លៀង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ តុលា ២០២០) ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ជាឲ្យរដ្ឋមន្ត្រី ៤រូប រួមមាន ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីសាធារណការ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ត្រូវប្រជុំដោះស្រាយភ្លាម ដោយចាត់កម្លាំងចុះជួសជុលផ្លូវ ស្ពាន និងទំនប់ទឹកដែលខូចខាតដោយជំនន់ទឹកភ្លៀង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជានេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោ បន្តថា យើងមានសភាពការណ៍មិនធម្មតា ដូច្នេះយើងត្រូវមាននីតិវិធីដោះស្រាយ តាមវិធីមិនធម្មតាដែរ ដោយមិនត្រូវរង់ចាំមន្ត្រីចុះពិនិត្យ វាយតម្លៃអ្វីនោះទេ គឺត្រូវចាត់មន្ត្រីជំនាញ ចុះជួសជុលផ្លូវ ស្ពាន ដែលខូចដោយទឹកជំនន់នោះ ភ្លាមៗឡើងវិញ។
សម្តេចតេជោ បញ្ជាក់ថា ផ្នែកទឹក ក៏ដូចជា ត្រូវទប់ទឹក និងកន្លែងបែកបាក់ទំនប់ទឹក ក៏ត្រូវធ្វើជាបន្ទាន់ ដើម្បីឲ្យប្រជាកសិករយើង បង្កបង្កើនផលបាន។ ផ្នែកកសិកម្ម ក៏ត្រូវចែកពូជបន្លែ ពូជស្រូវ ដល់កសិករភ្លាម។ ដើម្បីឲ្យគាត់ធ្វើបាន ក៏ត្រូវមានទឹក ហើយក៏ត្រូវមានការដឹកជញ្ជូនកសិផលទាំងនោះដែរ។
សម្តេចតេជោ បញ្ជាក់បន្ថែមថា «កុំចាំមន្ទីររាយការណ៍មកភ្នំពេញ។ យើងចាត់រដ្ឋលេខាធិការ ចុះទៅតាមគោលដៅ។ កន្លែងខ្លះ ត្រូវចាត់ច្រើនក្រុមចុះទៅ ពិសេសនៅបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ កុំឲ្យប្រជាពលរដ្ឋយើង គាត់លំបាកមួយសាហើយ មកលំបាកមួយសាទៀត ក្រោយទឹកស្រក។ ត្រូវការចាយប៉ុន្មាន ស្នើទៅក្រសួងសេដ្ឋកិច្ច យើងមានខ្ទង់ថវិកា មិនទាន់បែងចែក។ យើងមានថវិកាត្រៀមបម្រុង ១៥០លានដុល្លារ ដើម្បីធ្វើការងារនេះ»៕