ឪពុកបង្កើតចាប់រំលោភកូនឯងរហូតមានផ្ទៃពោះ (Cambodia News)
សារព័ត៌មាន Cambodia News/
ខេត្តមណ្ឌលគិរី (៣០ មេសា ២០២០) ៖ ជនសង្ស័យជាឪពុកបង្កើតបានរងនូវការចាប់ខ្លួនពីស្ថាប័ននគរបាល ក្រោយពេលដែលជនសង្ស័យរូបនោះបានធ្វើការរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងជាច្រើនដងរហូតមានផ្ទៃពោះ ទើបបែកធ្លាយ ហើយក៏ត្រូវបាន ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់។
ករណីរំលោភសេពសន្ថវៈនេះ ត្រូវបានជនសង្ស័យជាឪពុកសារភាពថា ខ្លួនពិតជាបានរំលោភលើកូនស្រីខ្លួនឯងដែលមានអាយុទើបតែ១៦ឆ្នាំនោះប្រាកដមែន។ ការរំលោភកូនស្រីខ្លួនឯងលើកទីមួយគឺចាប់ផ្ដើមនៅក្នុងខែតុលាឆ្នាំ ២០១៩និងជាបន្តបន្ទាប់រហូតដល់ទៅ៩ដង។
លោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបញ្ជាក់អំពីសំដីជនសង្ស័យបន្តថា ដោយសារតែមានការរួមរ័កមេត្រីជាច្រើនលើកច្រើនសារបែបនេះជនសង្ស័យ និងជនរងគ្រោះហាក់មានភាពស្និទ្ធស្នាលខុសប្លែក រហូតកូនស្រីមានផ្ទៃពោះ។
ក្រោយមកកូនស្រីបានសារភាពប្រាប់ម្តាយថា ត្រូវឪពុកបង្កើតរំលោភ ពេលនោះម្ដាយក៏សម្រេចប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនឪពុកតែម្ដង។ បច្ចុប្បន្នករណីឪពុកបង្កើត រំលោភកូនបង្កើតខ្លួនឯងរហូតមានផ្ទៃពោះនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការនៅ៕