ក្រសួង​អប់រំ ៖ គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​មិន​ត្រូវ​បង្ខំ​សិស្ស​ឱ្យ​រៀន​គួរ និង​​មិន​​ត្រូវ​​យក​មេរៀន​បង្រៀន​គួរ​ធ្វើ​ជា​វិញ្ញាសា​ប្រឡង​ឡើយ​

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖  បន្ទាប់ពីទទួលព័ត៌មាន បានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រឹះស្ថានសិក្សាសាធារណៈ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់ បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងឡើយ ។

ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងទៀតថា សកម្មភាពបង្រៀនគួរ ដូចជា ការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការបង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាត វិសមភាពយ៉ាងច្រើន សម្រាប់កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីអនុវត្តសេចក្តីណែនាំ ដូចបានរៀបរាប់ខាងលើ ឱ្យមានប្រសិទ្ធភាព និងទប់ស្កាត់បាតុភាពអវិជ្ជមាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្រសួង បានដាក់ចេញនូវវិធានការ ដូចជា៖ គ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។

ក្រសួង បន្ដថា គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និង ពង្រឹងការរៀននិងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ, គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់ បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង, គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំនិងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close