ក្រសួងសុខាភិបាល ហាមលក់ និងប្រើប្រាស់ផលិតផល DETOXIC
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ តុលា ២០១៩) ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសនៅតាមទំព័រហ្វេសប៊ុករបស់ខ្លួន សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ជ្រាបថា រាល់ថ្ងៃ មានហ្វេសប៊ុក ឈ្មោះ Detoxic Cambodia កំពុងផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាព ឈ្មោះ DETOXIC ដែលផលិតនៅប្រទេសរុស្ស៊ី គ្មានក្រុមហ៊ុន នាំចូលត្រឹមត្រូវ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ ។
សេចក្តីប្រកាសនេះ បានបន្ថែមថា ដើម្បីចៀសវាង ខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការបាត់បង់ អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ ឈប់ជឿការផ្សព្វផ្សាយ ឃោសនា ភូតកុហក បោកប្រាស់ និង បំផ្លើសហួសពីការពិត តាមគណីខាងលើនេះ។
ហើយឈប់ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹង ចំពោះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Detoxic Cambodia និងគណនីផ្សេងៗទៀត ដែលនាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយផលិតផល បំប៉នសុខភាព ឈ្មោះ DETOXIC ទៅតាមផ្លូវច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។
សេចក្តីប្រកាសដដែល សង្កត់ធ្ងន់ថា ករណី បានជួប ឬ ប្រទះឃើញជនណា កំពុងលក់ ចែកចាយ ឬ ផ្សព្វផ្សាយ ផលិតផលបំប៉នសុខភាព ឈ្មោះ DETOXIC សូមប្រញាប់ផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសម្អាង សូមទំនាក់ទំនង តាមទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕