មនុស្ស៤នាក់ស្លាប់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅហ្វីលីពីន
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (១៨ តុលា ២០១៩) ៖ ការរញ្ជួយដីកម្រិត៦.៤រ៉ិចទ័របានវាយប្រហារតំបន់ Mindanao កាលពីយប់ថ្ងៃពុធ កុមារចំនួន៣នាក់ស្ថិតក្នុងចំណោមមនុស្ស៤នាក់ដែលបានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មនុស្សចំនួន៤នាក់ត្រូវបានសម្លាប់ប៉ុន្តែបាននិយាយថា ចំនួនអ្នកស្លាប់មិនត្រូវបានគេរំពឹងថានឹងកើនឡើងនោះទេ ខណៈមិនមានរបាយការណ៍អំពីការស្លាប់និងរបួសនៅក្នុងទីក្រុងធំៗរបស់កោះ Mindanao ឡើយ។
អាជ្ញាធរមូលដ្ឋានបានប្រាប់ AFP ថា កុមារពីរនាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងផ្ទះដែលបាក់រីឯម្ដាយម្នាក់និងកូនប្រុសអាយុ៥ឆ្នាំរបស់គាត់បានស្លាប់បន្ទាប់ពីត្រូវបានកប់នៅក្នុងការរអិលបាក់ដី។
ការរញ្ជួយដីនេះក៏បានធ្វើឲ្យរង្គើទីក្រុង Davao ផងដែរដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី Rodrigo Duterte និងស្ថិតក្នុងចំណោមទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ៕