ក្រសួងការពារជាតិនឹងប្រារព្ធខួប ៤២ឆ្នាំនៃដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំប៉ុលពតរបស់សមមិត្ត ហ៊ុន សែន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ មិថុនា ២០១៩) ៖ នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះបានថ្លែងឲ្យដឹងថា ក្រសួងការពារជាតិនឹងប្រារព្ធខួប ៤២ឆ្នាំនៃដំណើររបស់សមមិត្តហ៊ុន សែន ឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០មិថុនា ១៩៧៧–២០មិថុនា ២០១៩)។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅពីមុខវិមានឈ្នះ ឈ្នះកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ប្រវត្តិសាស្ត្ររបស់សមមិត្តហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀតមិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយរំដោះប្រទេសជាតិឲ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
ខួបលើក ៤២ឆ្នាំនៃទិវាចងចាំ ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០មិថុនា ឆ្នាំ១៩៧៧–២០មិថុនា ឆ្នាំ២០១៩) នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថិតនៅតំបន់កោះថ្ម ឃុំទ្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដំណើរចូលទៅក្នុងប្រទេសវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃទីតាំងសំខាន់ៗ ក្នុងការចាប់ផ្ដើមតស៊ូរបស់សមមិត្តហ៊ុន សែន លើសមភូមិរំដោះជាតិ និងប្រជាជនកម្ពុជាកាលពីជាង៤០ឆ្នាំមុន៕