សម្តេចតេជោ កំពុងពិចារណា កែឬ មិនកែ រដ្ឋធម្មនុញ្ញ ទាក់ទងមរណភាពនាយករដ្ឋមន្ត្រី
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងជំនួបជាមួយក្រុមកម្មករ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង នាព្រឹកថ្ងៃទី ១៣ ខែមីនា នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កំពុងធ្វើការពិចារណាថា គួរកែ ឬមិនកែរដ្ឋធម្មនុញ្ញកម្ពុជា ទាក់ទងទៅនឹងមរណភាពនាយករដ្ឋមន្រ្តី។
សម្តេចបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា ខ្ញុំកំពុងគិតគូរថាកែ ឬមិនកែ ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា គេប្រើពាក្យអីញ្ចេះ នៅពេលតំណែង នាយករដ្ឋមន្ត្រីនៅជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ ។ មានន័យថា នៅពេលនាយករដ្ឋមន្ត្រីស្លាប់ គឺរដ្ឋាភិបាលអាលាយ អត់មានអ្នកណា ធ្វើនាយករដ្ឋមន្ត្រីស្តីទីបានទេ ។ អាហ្នឹងត្រូវឲ្យច្បាស់កន្លែងហ្នឹង ។
នាយករដ្ឋមន្រ្តីបន្តទៀតថា តិចរដ្ឋមន្ត្រីបន់ឲ្យនាយករដ្ឋមន្ត្រីស្លាប់! ឧបនាយករដ្ឋមន្ត្រីបន់ឲ្យនាយករដ្ឋមន្ត្រីស្លាប់ វាស្មើនឹងបន់ឲ្យអញអស់ស័ក្តិនាយករដ្ឋមន្ត្រីដែរ ។ ត្រូវច្បាស់កន្លែងហ្នឹង រដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់ បើកាលណាកន្លែងនាយករដ្ឋមន្ត្រីនៅស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ ។ អីចឹងអត់មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីស្តីទីទេ«…» កន្លែងហ្នឹង ពេលនឹងសភា ត្រូវធ្វើយ៉ាងម៉េច អីយ៉ាងម៉េច ។
រដ្ឋធម្មនុញ្ញកម្ពុជាត្រង់ជំពូកទី ១៥ ថ្មី អំពីការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រង់ មាត្រា ១៥១ ថ្មី (មាត្រា ១៣២ ចាស់) ចែងថា ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិត ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិ របស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្ដីស្នើ របស់តំណាងរាស្ត្រមួយភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕