អ.ស.ប.​បារម្ភ​អំពី​គ្រោះ​អត់ឃ្លាន​នៅ​កូរ៉េ​ខាង​ជើង​ក្រោយពី​មាន​គ្រោះ​ទឹកជំនន់

លោកបាន គីមូន អគ្គលេខាធិការអ.ស.ប. បានថ្លែងនៅថ្ងៃចន្ទនេះថា លោកកំពុងមានការបារម្ភខ្លាំងបំផុត ចំពោះវិបត្តិ មនុស្សធម៌នៅកូរ៉េខាងជើង។ វិបត្តិនេះកំពុងតែចោទជាបញ្ហាកាន់តែខ្លាំង នៅក្រោយពីមានគ្រោះទឹកជំនន់ និងការបាក់ ដី ដោយមកពីភ្លៀងធ្លាក់ខ្លាំង កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ។ លោកបាន គីមូន បានសន្យាថា អ.ស.ប.នឹងបង្កើន ជំនួយមនុស្សធម៌ បន្ថែមទៀតទៅកូរ៉េខាងជើង ហើយលោកក៏កំពុងតែព្យាយាមរកវិធីបន្ធូរបន្ថយភាពតាន តឹងរវាងកូរ៉េ ទាំងពីរផងដែរ។

សេចក្តីថ្លែងការណ៍របស់លោកបាន គីមូន ជុំវិញវិបត្តិមនុស្សធម៌នៅកូរ៉េខាងជើងនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុង ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង។ លោកបាន គីមូន បានថ្លែងថា អ.ស.ប. មានការបារម្ភជាពិសេស ចំពោះសុខភាព របស់ កុមារ និងគ្រោះអត់ឃ្លាន ដែលបង្កឡើងដោយគ្រោះរាំងស្ងួតផង និងដោយទឹកជំនន់នាពេលថ្មីៗនេះផង។

បើយោងតាមទិន្នន័យផ្តល់ដោយបណ្តាញសារព័ត៌មានកូរ៉េខាងជើង ទឹកជំនន់កាលពីខែកក្កដាកន្លងទៅនេះ បាន បណ្តាលឲ្យមនុស្សស្លាប់ ១៦៩នាក់ បាត់ខ្លួន ៤០០នាក់ និងជាង ២០ម៉ឺននាក់ ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីភូមិទៅរក ទីទួល។ ដីដាំដំណាំចំនួន ៦៥០គីឡូម៉ែត្រក្រឡាត្រូវទឹកជន់លិច។

មន្រ្តីអ.ស.ប. និងមន្រ្តីកាកបាទក្រហម ដែលបានធ្វើដំណើរទៅដល់តំបន់ ដែលរងគ្រោះដោយទឹកជំនន់ បានធ្វើការ វាយតម្លៃថា ប្រជាជននៅតំបន់នោះត្រូវការជាបន្ទាន់នូវទឹកស្អាត ចំណីអាហារ និងថ្នាំពេទ្យ។

លោកអគ្គលេខាធិការអ.ស.ប.បានឲ្យដឹងថា រហូតមកទល់ពេលនេះ ទីភ្នាក់ងាររបស់អ.ស.ប.បានផ្តល់ជំនួយចាំបាច់ និងបន្ទាន់មួយចំនួនទៅកូរ៉េខាងជើងរួចហើយៗ គ្រោងនឹងបង្កើនជំនួយនេះបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១១កន្លងទៅនេះ អ.ស.ប.បានធ្វើការប៉ាន់ស្មានថា ក្នុងចំណោមប្រជាជនកូរ៉េខាង ជើងទាំង ២៤លាននាក់ មានប្រមាណជា ៣លាននាក់ កំពុងខ្វះខាតចំណីអាហារ។ គេសង្កេតឃើញថា ប្រជាជនកូរ៉េខាង ជើងតែងតែជួបនឹងគ្រោះអត់ឃ្លាន ដែលបង្កឡើងដោយគ្រោះធម្មជាតិផង ដោយការកាប់បំផ្លាញព្រៃឈើ អនាធិប តេយ្យផង និងដោយនយោបាយរបស់របបដឹកនាំក្រុងព្យុងយ៉ាងផង ដែលបង្វែរធនធានប្រទេស ទៅបំប៉នតែខាងវិស័យ កងទ័ព។ ក្រៅពីនេះ កូរ៉េខាងជើងក៏កំពុងទទួលរងនូវទណ្ឌកម្មពីសហគមន៍អន្តរជាតិផងដែរ។

កាលពីខែកុម្ភៈកន្លងទៅនេះ សហរដ្ឋអាមេរិកធ្លាប់បានសន្យាផ្តល់ជំនួយជាចំណីអាហារចំនួន ២៤ម៉ឺនតោន ដល់កូរ៉េ ខាងជើងជាថ្នូរនឹងការផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីផលិតមីស៊ីល និងនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ អាមេរិកបានបញ្ឈប់ ជំនួយនេះវិញ ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ក្នុងរូបភាពជាការបាញ់សាកល្បងផ្កាយរណប កាលពីខែមេសា។

លោកបាន គីមូន ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងដែរនោះ បានឲ្យដឹង នៅថ្ងៃចន្ទនេះថា នៅពេលនេះ លោកក៏កំពុងតែព្យាយាមរិះរកវិធី ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងដែរ៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close