កំណើន ៤,៧% ៖ ប្រទេសចិនបន្តដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលក្នុងបរិបទនៃការកើនឡើងភាពមិនប្រកដប្រជា
Cambodia News
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលចិនបានចេញផ្សាយរបាយការណ៍ស្តីពីការដំណើរការសេដ្ឋកិច្ចប្រចាំឆមាសទីមួយនៃឆ្នាំ២០២៦ ដែលបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤,៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។
សម្រាប់ប្រទេសដែលមានទំហំសេដ្ឋកិច្ចលើសពី ១៤០ ទ្រីលានយាន់ និងជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ របស់ពិភពលោក ការរក្សាបាននូវកំណើនក្នុងកម្រិតនេះ មិនមែនជារឿងសាមញ្ញឡើយ។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការបែកខ្ញែកនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនខាងលើបានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចចិននៅតែបន្តបង្ហាញភាពធន់ និងជាប្រភពនៃទំនុកចិត្តសម្រាប់ទីផ្សារអន្តរជាតិ។
ទោះបីជាជួបប្រទះបញ្ហាប្រឈមដូចជាការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅក៏ដោយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចចិននៅតែមានប្រសិទ្ធភាពក្នុងការរក្សាស្ថិរភាព និងជំរុញកំណើនក្នុងស្រុក។ តួយ៉ាង តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យម និងធំនៅទូទាំងប្រទេសចិន បានកើនឡើង ៥,៤% ហើយទំហំនៃការលក់រាយទំនិញប្រើប្រាស់ និងសេវាកម្មក្នុងស្រុក បានកើនឡើង ២,៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មលើទំនិញសរុបបានកើនឡើង ១៦,៩% ក្នុងនោះការនាំចូលកើនឡើង ២២,១% មានចំនួនលើសពី ១០ទ្រីលានយាន់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
សូចនាករទាំងនេះ មិនត្រឹមតែបង្ហាញអំពីភាពធន់ និងភាពរឹងមាំនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបានបញ្ជូនសញ្ញាវិជ្ជមានដល់វិនិយោគិនអន្តរជាតិផងដែរ។ ខណៈសេដ្ឋកិច្ចធំៗជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃកំណើនយឺត ប្រទេសចិននៅតែត្រូវបានចាត់ទុកជាគោលដៅវិនិយោគដ៏សំខាន់មួយលំដាប់កំពូលទាំង៣ សម្រាប់សហគ្រាសអន្តរជាតិជាច្រើន ដែលសម្លឹងមើលឃើញសក្ដានុពលរយៈពេលវែងរបស់ទីផ្សារចិន។
សមិទ្ធផលទាំងនេះមិនមែនកើតឡើងដោយចៃដន្យឡើយ តែជាលទ្ធផលនៃការអនុវត្តយ៉ាងសកម្មនូវផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ការជំរុញនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការធ្វើទំនើបកម្មខ្សែច្រវាក់ឧស្សាហកម្ម និងផ្គត់ផ្គង់។ កត្តាទាំងនេះបានក្លាយជាកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងជួយពង្រឹងសមត្ថភាពរបស់ចិនក្នុងការឆ្លើយតបទៅនឹងហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ។
ជាមួយគ្នានេះ ការបន្តបើកចំហទីផ្សារចិនតាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម បានរួមចំណែកជាវិជ្ជមានដល់ការពង្រឹងសេរីភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ បច្ចុប្បន្ននេះ ប្រទេសចិនបានអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះប្រទេសចំនួន ៦៣ ហើយទំហំនាំចូលរបស់ប្រទេសចិនបានឈរនៅលំដាប់ទី២ លើពិភពលោកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា។ ការបន្តពង្រីកការបើកចំហ និងការនាំចូលរបស់ចិន មិនត្រឹមតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កាលានុវត្តភាពសម្រាប់បណ្តាប្រទេសដៃគូក្នុងការពង្រីកទីផ្សារ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្តាប្រទេសអាស៊ាន រួមទាំងកម្ពុជា ភាពរឹងមាំ
នៃសេដ្ឋកិច្ចចិនមានសារៈសំខាន់យ៉ាងខ្លាំង។ ក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន និងជាប្រភពវិនិយោគដ៏សំខាន់មួយ កំណើនសេដ្ឋកិច្ចរបស់ចិនបានរួមចំណែកដល់ការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងន័យនេះ ស្ថិរភាពនៃសេដ្ឋកិច្ចចិនមិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិនសម្រេចបាននូវគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនទេ តែថែមទាំងជួយដល់ការងើបឡើងនៃកំណើនសេដ្ឋកិច្ចតំបន់ និងសកលផងដែរ។
សរុបមកវិញ មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួល និងប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងយ៉ាងណា ភាពធន់ និងសក្ដានុពលនៃកំណើនសេដ្ឋកិច្ចចិនបានបង្ហាញឱ្យឃើញថា ប្រទេសចិននៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រស្ថិរភាព និងកំណើនសេដ្ឋកិច្ចសកល។ ជាមួយនឹងការបន្តអនុវត្តកំណែទម្រង់ ការបើកចំហកម្រិតខ្ពស់ និងការជំរុញនវានុវត្តន៍ ប្រទេសចិននឹងបន្តដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់សេដ្ឋកិច្ចតំបន់ និងសកល ដែលនឹងនាំមកនូវវិបុលភាពរួមសម្រាប់ទាំងអស់គ្នា៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

