បទវិភាគ៖ “សេវាកម្មចិន”លើកស្ទួយការប្រើប្រាស់នៅទូទាំងពិភពលោក
Cambodia News
ពីដើរលេងកម្សាន្តនៅទីក្រុងបុរាណ ដល់ទស្សនាព្រឹត្តិការណ៍កីឡានិងការស្តែងសិល្បៈដោយសប្បាយរីករាយ ពីការប្រមូលទិញសំបុត្ររមណីយដ្ឋានពេញនិយម ដល់ធ្វើដំណើរនិងមើលភាពយន្តដ៏រីករាយ ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភាដែលទើបកន្លងផុតទៅ ប្រទេសចិនបានទទួលសមិទ្ធផលលើការប្រើប្រាស់គួរឱ្យកត់សម្គាល់ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃថា ទ្រង់ទ្រាយនៃការធ្វើដំណើរនិងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភា បាននាំមុខគេនៅលើពិភពលោក ហើយបានក្លាយជាទិសដៅដ៏សំខាន់ នៃការស្តារទីផ្សារទេសចរណ៍សកលឡើងវិញទៀតផង ។
ទិន្នន័យជាភស្តុតាងដែលគួរឱ្យជឿជាក់បំផុត៖ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភា លំហូរអ្នកដំណើរទៅមកនៅទូទាំងប្រទេសចិនមានចំនួន ១៥១៧លាននាក់ បានកើនឡើង ៣,៤៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ប្រាក់ចំណូលនៃការលក់ដូររបស់វិស័យប្រើប្រាស់នៅទូទាំងប្រទេសចិនបានកើនឡើង ១៤,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការប្រើប្រាស់ខាងសេវាកម្មបានកើនឡើងយ៉ាងខ្លាំង ប្រាក់ចំណូលនៃការលក់ដូររបស់វិស័យទេសចរណ៍និងសេវាកម្សាន្តបានកើនឡើង ២១,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ប្រាក់ចំណូលនៃការលក់ដូររបស់សេវាកម្មសម្រាប់គ្រួសារបានកើនឡើង ១៤,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការប្រើប្រាស់ខាងសេវាកម្មដែលមានការកើនឡើងយ៉ាងខ្លាំង បានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ទីផ្សារដ៏ធំធេង ។
“សេវាកម្មចិន”មិនត្រឹមតែបានលើកស្ទួយទីផ្សារប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានលើកស្ទួយការប្រើប្រាស់នៅទូទាំងពិភពលោកផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានអនុវត្តការលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រទេស៥០ នៅទូទាំងប្រទេសចិនមានហាងលក់ទំនិញដកប្រាក់ពន្ធចំនួនលើសពី៨ពាន់កន្លែង ផ្តល់សេវាកម្ម “ទិញភ្លាមបង្វិលដកពន្ធភ្លាម” ។ ពេលទៅដើរលេងនៅប្រទេសចិន ភ្ញៀវទេសចរបរទេសលែងគ្រាន់តែថតរូបតែប៉ុណ្ណោះទេ ថែមទាំងនឹងចាប់អារម្មណ៍ដោយផ្ទាល់ដល់ទំនៀមទម្លាប់ប្រពៃណីចិន និងយកបទពិសោធន៍ពីបច្ចេកវិទ្យាទំនើបៗដ៏មានភាពទាក់ទាញ ហើយនឹងយល់ដឹងពីជីវភាពរស់នៅរបស់ប្រជាជនចិនទៀតផង ។ ប្រទេសចិនដែលមានភាពបើកទូលាយ បរិយាបន្ន ទទួលភ្ញៀវយ៉ាងរាក់ទាក់កក់ក្តៅ និងមានសេវាកម្មដ៏ល្អប្រសើរ បានក្លាយជាគោលដៅទេសចរណ៍ដ៏ល្អរបស់ភ្ញៀវទេសចរនៅទូទាំងពិភពលោក ។
ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនជាច្រើនក៏បានចេញដំណើរទៅ ទេសចរណ៍កម្សាន្តនៅបរទេសឆ្លៀតឱកាសវិស្សមកាលទិវាពលកម្មអន្តរជាតិ១ឧសភា ។ ពួកគេបានដើរលេងនៅទូទាំងពិភពលោក ដែលបាននាំមកនូវកម្លាំងចលករដើម្បីជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍សកល ។ សំខាន់ជាងនេះទៅទៀត វិស័យទេសចរណ៍វប្បធម៌ចិនបានលើកកម្ពស់គំរូសេវាកម្ម និងធ្វើឱ្យការយកបទពិសោធសេណារីយ៉ូមានភាពកាន់តែប្រសើរឡើង ដែលបានផ្តល់នូវ “គំរូចិន” សម្រាប់ការអភិវឌ្ឍមុខរបរសេវាកម្មសកល។ លោក Kimutai Ng’eno អ្នកទទួលខុសត្រូវនៃរដ្ឋបាលទេសចរណ៍នៃប្រទេសកេនយ៉ា សម្គាល់ឃើញថា ប្រទេសចិនបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការប្រើប្រាស់ទេសចរណ៍សកល ការស្វែងរករបស់ភ្ញៀវទេសចរចិនចំពោះគុណភាពខ្ពស់ និងសេវាកម្មមានភាពកាន់តែស៊ីជម្រៅ បានធ្វើឱ្យវិស័យទេសចរណ៍សកល បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ជាថ្មីឡើងវិញ ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចសកលស្តារឡើងវិញដោយទន់ខ្សោយ ការគាំពារនិយមផ្នែកពាណិជ្ជកម្មក៏បានងើបឡើងវិញ សេដ្ឋកិច្ចសកលពោរពេញទៅដោយភាពមិនប្រាកដប្រជា ។ ប៉ុន្តែកម្លាំងចលករនៃសេដ្ឋកិច្ចចិនក្នុងវិស្សមកាល បាននាំមកនូវភាពជាក់លាក់ដ៏មានតម្លៃដល់សេដ្ឋកិច្ចសកល ។ នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នអន្តរជាតិជាច្រើន ដូចជាធនាគារ Deutsche ជាដើមបាននាំគ្នាដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិន ។ វេបសាយនៃទស្សនាវដ្តី Eurasia Review របស់សហរដ្ឋអាមេរិកបានចេញផ្សាយអត្ថបទវាយតម្លៃថា ប្រទេសចិនបាននិងកំពុងប្រែខ្លួនពីរោងច្រកសកល ទៅជាទីផ្សារសកលដោយនឹងនរ ជានិច្ចកាល ចិនតែងតែជាយុថ្កាលំនឹងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាពដែលមិនអាចខ្វះបាន ៕
