សមត្ថកិច្ចចុះត្រួតពិនិត្យ និង​រឹបអួសទឹក​ដោះ​គោ​ម៉ាក​ Meiji​ ខុស​ច្បាប់​ ដែល​អាច​ប៉ះពាល់សុខភាពអ្នកប្រើប្រាស់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៤ កក្តដា ២០១៨) ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យទីតាំងឃ្លាំងក្រុមហ៊ុន នួនហ៊្វូត ខូ អិល ធីឌី ( Noun Food Co., Ltd.) សង្ស័យស្តុកទុកខុសច្បាប់ និងលួចចែកចាយ ទឹកដោះគោម៉ាក Meiji ដែលមានអក្សថៃដោយខុសច្បាប់ ដោយដឹកជញ្ចូនតាមរថយន្តគ្របតង់គ្មានប្រព័ន្ធទូត្រជាក់ (Chill Container) បណ្តាលអោយប៉ះពាល់សុខភាពអ្នកទទួលទាន។

ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១ និង៣០នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងក្រុមហ៊ុន នួនហ៊្វូត ខូ អិល ធីឌី ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ ៦ CC សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានលួចនាំចូលនិងស្តុកទុក ទឹកដោះគោម៉ាក Meiji ស្លាកសញ្ញាអក្សថៃ ខុសច្បាប់ ខុសបច្ចេកទេសនៃស្តង់ដារឃ្លាំងត្រជាក់ បណ្តាលអោយខូចគុណភាព និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងបានលួចចែកចាយដោយខុសច្បាប់ ដោយ រំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន សូណាវីទ្យ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន សូណាវីទ្យ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខ នូវផលិតផលទឹកដោះគោម៉ាក Meiji និងយ៉ាអួ Meiji ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការចុះបញ្ជីត្រឹមត្រូវ ។ ក្រោយពីការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញនូវសម្ភារវត្ថុតាងមួយចំនួនដែលកំពុងរក្សាទុកក្នុងរថយន្តមួយគ្រឿង នៅក្នុងឃ្លាំងនៃទីតាំងខាងលើ រួមមានៈ
– យ៉ាអួរ ម៉ាក Meiji ចំនួន ៥៤០កំប៉ុង
– ទឹកដោះគោម៉ាក Meiji ចំណុះ២០០០ml ចំនួន ៧១២ដប
– ទឹកដោះគោម៉ាក Meiji ចំណុះ៨៣០ml ចំនួន ៣៤ដប និងសម្ភារមួយចំនួនទៀត ។

ក្រោយពីការត្រួតពិនិត្យ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចឲ្យដកហូតវត្ថុតាងខាងលើ យកទៅរក្សាទុកជាបណ្តោះអាសន្ន និងតម្រូវអោយម្ចាស់ទីតាំង ឈ្មោះ ឃី ហួរស្រេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ចំពោះផលិតផលទឹកដោះគោ និងយ៉ាអួរ Meiji ដែលមានស្លាកសញ្ញាជាភាសារអង់គ្លេសត្រូវបាននាំចូលស្របច្បាប់ដោយក្រុមហ៊ុនសូណាវិទ្យ (SONAVITH COMPANY)

ដោយបានរក្សាទុក និងដឹកជញ្ជូន ក្នុងកំរិតសីតុណ្ហភាពត្រជាក់ត្រឹមត្រូវតាមស្តង់ដារបស់ជប៉ុន ដែលរក្សានូវគុណភាពដើមទាំងស្រុង និងមានការបរិយាយលើសំបកវេចខ្ចប់ជាភាសាអង់គ្លេស ។ ក្រុមហ៊ុនសូណាវិទ្យ សំណូមពរដល់អតិថជនប្រើប្រាស់ផលិតផលដែលមានគុណភាព និងការថែរក្សាទុកដាក់តាមស្តង់ដារត្រឹមត្រូវដើម្បីសុខភាពអ្នកប្រើប្រាស់ក៍ដូចជាក្រុមគ្រួសារ។ដូចនេះក្រុមហ៊ុនសំណូមដល់ម្ចាស់ហាងកាហ្វេ ផ្សារ និង Mini Mart មួយចំនួនដែលប្រេីប្រាស់ផលិតផលខុសច្បាប់នេះបញ្ឈប់ជាបន្ទាន់ ហើយសម្រេចមកប្រើប្រាស់ផលិតផលត្រឹមត្រូវវិញ ដេីម្បីសុខភាពអតិថិជនខ្លួនឯង និងជៀសវាងវិធានការណ៏តាមផ្លូវច្បាប់ដោយអជ្ញាធរមានសមត្ថកិច្ចនៅថ្ងៃមុខ៕

Related Articles

Back to top button
Close
Close