មុខ​សញ្ញា​ប្លន់​៣​នាក់​ត្រូវ​បាន​សម្ថ​កិច្ច​ចាប់​​ខ្លួន​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃ ទី១២ ខែធ្នូ ជនសង្ស័យចំនួន៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ចាប់ខ្លួនពីបទធ្វើសកម្មភាព វាយយកលុយនិងទូរស័ព្ទ ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននៅចំណុចមុខផ្ទះ គ្មានលេខ ផ្លូវលំ ក្រុមទី៦ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ដែលក្នុងនោះជន សង្ស័យម្នាក់ គឺជាកូនប្រុសបង្កើតរបស់សមា ជិកក្រុមប្រឹក្សាសង្កាត់ មកពីគណបក្សសម រង្ស៊ី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់នេះ រួមមាន ទី១ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ២៤៩ ក្រុមទី៥ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ និងទី២ ឈ្មោះឡេង ភាស់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ទី៣ ឈ្មោះជា វិសាល ហៅតូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅផ្ទះលេខ២៤៨ ក្រុមទី៥ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ជាមេខ្លោងនិងជាកូនប្រុសបង្កើត របស់លោកជា អឿ សមាជិកក្រុមប្រឹក្សា សង្កាត់ចាក់អង្រែលើ មកពីគណបក្សសមរង្ស៊ី និងជាអតីតចៅសង្កាត់រងទី១ រយៈពេលពីរអាណត្ដិកន្លងទៅ ។ ដោយឡែកជនសង្ស័យពីរនាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន រួមមានទី១ ឈ្មោះង៉ែត លីហុង ហៅផុង ភេទប្រុស អាយុ១៦ឆ្នាំនិងទី២ឈ្មោះតឿ ភេទប្រុស អាយុ២៦ឆ្នាំ ។ រីឯជនរងគ្រោះឈ្មោះយឿន ណាន ហៅនឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកចិញ្ចឹមត្រី រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបចេញពីសង្កាត់ចាក់ អង្រែក្រោម លុះមកដល់ចំណុចកើតហេតុ ពេលជនរងគ្រោះកំពុងឈរស្រាប់តែជនល្មើសទាំង៥នាក់បានមកដល់ ហើយចូលទៅសុំបារីជក់ពីជនរងគ្រោះ ។ ពេលនោះជនរងគ្រោះបានហុចបារីឱ្យជនល្មើស ក៏បានស្ទុះមកគៀកកជនរងគ្រោះ រួចវាយចំក្បាល រួចហើយយកលុយនិងទូរស័ព្ទដៃគេចខ្លួនបាត់ ដោយសុវត្ថិភាព ។ បន្ទាប់ពីមានករណីនេះ និងពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនជនល្មើសទាំងនេះ រួចរឹបអូស វត្ថុតាងប្រគល់ឱ្យជនរងគ្រោះវិញ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសាទរ ចំពោះប្រតិបត្ដិការខាងលើនេះ ដោយសារ តែជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាព វាយយកលុយនិងទូរស័ព្ទពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនលើកច្រើនសារ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ  បាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

ដោយ៖ ហេង នាង

ជនសង្ស័យទាំង ៣នាក់ដែលត្រូវសម្ថកិច្ចចាប់ខ្លួន (រូបdap) ។

Related Articles

Back to top button
Close
Close