សហរដ្ឋអាមេរិកប្រកាសផ្អាកដាក់ទណ្ឌកម្មថ្មីលើប្រទេសកូរ៉េខាងជើង
សារព័ត៌មាន Cambodia News/
អាមេរិក ៖ យោងតាមសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា សេតវិមានអាមេរិកគ្រោងប្រកាសដាក់ទណ្ឌកម្មថ្មីចំពោះក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ តែគម្រោងនេះត្រូវបានពន្យារពេលវិញ ខណៈពេលដែលជំនួបរវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំង២នឹងកើតមានឡើងនាពេលឆាប់ៗខាងមុខ។
ការផ្អាកនេះ ធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកប្រកាសថា ជំនួបរវាងលោក និងលោក គីម នឹងលេចជារូបរាងឡើង បើទោះបីជាលោកបានប្រកាសលុបចោលជំនួបនេះកាលពីសប្តាហ៍មុនក៏ដោយ។
គម្រោងដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកលើរដ្ឋាភិបាលលោក គីម គឺសំដៅទៅលើគោលដៅចំនួន ៣០ ដោយក្នុងនោះរាប់បញ្ចូលទាំងអង្គភាពរុស្ស៊ី និងចិនមួយចំនួនផងដែរ។
សូមជម្រាបថា ជំនួបកំពូលរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ស្ថិតនៅក្នុងប្រទេសសិង្ហបុរី៕