ចូលឆ្នាំចិន-វៀតណាម៤ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស៤៤នាក់ និងរបួស៩១នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កុម្ភៈ ២០១៩) ៖ តាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម គិតចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៦៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៤៤នាក់ និងរបួសធ្ងន់-ស្រាល ៩១នាក់។
របាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម នៅឆ្នាំ២០១៨នេះ ថយចុះចំនួន ៨លើក បើធៀបនឹងរយៈពេល៤ថ្ងៃដូចគ្នានៅឆ្នាំ២០១៧ ហើយចំនួនអ្នករងរបួសបានថយចុះ ២៩នាក់ ផងដែរ។ តែអ្នកស្លាប់បានកើនឡើង ៩នាក់ទៅវិញ។
របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារការបើកបរលឿន ៣៣លើក, ដោយសារស្រវឹង ៨លើក, ដោយសារប្រជែង ៨លើក, ដោយសារមិនប្រកាន់ស្តាំ ៤លើក។ ខេត្តដែលកើតគ្រោះថ្នាក់ច្រើនជាងគេ គឺខេត្តកំពង់ឆ្នាំង បានកើតគ្រោះថ្នាក់ចរាចរណ៍ ៩លើក បន្ទាប់មកខេត្តកណ្តាល កើតឡើងចំនួន ៥លើក៕