អ្នកកាសែត​ខ្មែរ ឈាន​ជើង​ចូល​ជំរុំ​អាស៊ាន​ដើម្បី​មាន​សំឡេង​ទប់ទល់ និង​តតាំង​លើ​វេទិកា​បញ្ចេញមតិ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៤ មករា ២០១៨) ៖ អ្នកកាសែត​ខ្មែរ​មួយក្រុម នឹង​នាំគ្នា​ដើរចូល​ជំរុំ​អាស៊ាន នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​មាន​សំឡេង​ទប់ទល់ និង​តតាំង​លើ​វេទិកា​បញ្ចេញមតិ ឬ​វេទិកា​ស្មេរ​របស់​អ្នកសារព័ត៌មាន​នៅក្នុង​តំបន់​។​

ជំរុំ​អាស៊ាន​របស់​អ្នកសារព័ត៌មាន​គឺជា​សហព័ន្ធ​អ្នកកាសែត​អាស៊ាន​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៥ ប្រាំបី​ឆ្នាំក្រោយ​អាស៊ាន​ត្រូវបាន​បង្កើត តែ​សមាគម​អ្នកកាសែត​កម្ពុជា​ពុំមាន​ឱកាស​ដើម្បី​ចូលរួម​ស្តាប់​ឬ​ចែករំលែក​បទពិសោធន៍​ម្តងណា​ឡើយ សូម្បី​ខ្លឹមសារ​គេ​ជួបប្រជុំគ្នា​ម្តងៗ ក៏​យើង​ពុំបាន​ដឹង​ដែរ ។ ប៉ុន្តែ​ចាប់ពី​ដើមឆ្នាំ​២០១៨​នេះ​ទៅ អ្នកកាសែត​ខ្មែរ​ចាប់ផ្តើម​មាន​សំឡេង​មួយ​ស្មើគ្នា អាច​ជជែក​រកខុសរកត្រូវ​ជាមួយនឹង​អ្នកកាសែត​មកពី​៧​ប្រទេស​ទៀត​នៅក្នុង​តំបន់​។

លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា (​កអក​) នឹង​ចេញដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ពុធ​នេះ ជាមួយ​សហការី​មួយចំនួនទៀត​រួមមាន លោក លាង ដឺ​លុច​, លោក នៅ សម្ផស្ស និង​លោក ខៀវ កូ​ឡា ជា​គណៈនាយក​របស់ កអក ដើម្បី​ចូលរួម​ទទួល​នូវ​ការប្រកាស​ជា​ផ្លូវការ​នៃ​ការបញ្ចូល «​កអក​» ទៅក្នុង​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (CAJ) ។​

CAJ នឹង​បើក​កិច្ចប្រជុំ​ធំ​២​ឆ្នាំ​ម្តង​របស់ខ្លួន (​មហាសន្និបាត​) ចាប់ពី​ថ្ងៃ​២៤-២៧ ហើយ​នៅ​រសៀល​ថ្ងៃទី​២៦​ខាងមុខនេះ CAJ នឹង​ប្រកាស​បញ្ចូល «​កអក​» ជា​សមាជិក​ទី​៨ របស់ CAJ ។ លោក ពុ​យ គា នឹងត្រូវ​ឡើង​ថ្លែង​ពី​សភាពការណ៍​សារព័ត៌​មាននៅ​កម្ពុជា និង​តួនាទី​របស់ កអក ។ នៅសល់​សមាគម​អ្នកកាសែត​មកពី​២​ប្រទេស​ទៀត គឺ​ភូមា និង​ប្រ៊ុយណេ ដែល​ពុំទាន់​បាន​ចូល​ជា​សមាជិក CAJ ។​

ឆ្លើយតប​នឹង​សំណួរ​ថា តើ​អ្នកកាសែត​ខ្មែរ​បាន​ផលប្រយោជន៍​អ្វី​ពី​ការចូល​ជា​សមាជិក​របស់​សមាគម​អ្នកកាសែត​អាស៊ាន លោក ពុ​យ គា បាន​ឆ្លើយថា អ្នកកាសែត​ខ្មែរ​ពុំ​អាច​គេង​យោលអង្រឹង នៅពេល​អ្នកកាសែត​មក​ពី​ប្រទេស​៧​ទៀត​ក្នុង​តំបន់​អាស៊ាន​គេ​និយាយ​ពី​ខ្មែរ ទោះ​ក្នុង​បរិបទ​អាក្រក់​ឬ​ល្អ​ក៏​យើង​មាន​សម្លេង​ស្មើគ្នា ដើម្បី​ជជែក​វែកញែក​ជាមួយ​អ្នកកាសែត​ទាំងនោះ ។ លោក​បន្តថា សូម្បី​សមាគម​អ្នកកាសែត​ចិន នៅក្រៅ​តំបន់​អាស៊ាន ក៏​គេ​នៅតែ​ប្រឹងប្រែង​សុំចូល​ជា​សមាជិក​អង្កេត​ការណ៍​របស់ CAJ ដែរ ចុះ​ហេតុអ្វី​យើង​ត្រូវ «​គេង​ស្តាប់ភ្លេង​»​។​
CAJ ត្រូវបាន​បង្កើតឡើង​ដោយ​សមាគម​អ្នកកាសែត​មកពី​៥​ប្រទេស ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង​សឹង្ហ​បុរី ក្រោយមក​មាន​វៀតណាម និង​ឡាវ ។​
​ក្លិប​អ្នកកាសែត​កម្ពុជា មាន​សមាជិក​គណៈនាយក​ចំនួន​៩​រូប រួមទាំង​លោក ប៉ែន បូ​ណា ដែលជា​ប្រធាន​ក្លិប លោក ពុ​យ គា អគ្គលេខា​, លោក ខៀវ កូ​លា អ្នកនាំពាក្យ​, និង​លោក ឆាយ សុផល​, លោក ជេ​ត សន​, លោក ទាវ សារ​មុន្នី និង​លោក ខាន់ សុឃន ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក រួមទាំង​មាន​សមាជិក ស្ថាបនិក និង​សមាជិក​សកម្ម​ប្រមាណ​៤០០​នាក់ ៕

Related Articles

Back to top button
Close
Close