គយប្រកាសដំឡើងពន្ធនាំចូលរថយន្ត តែបន្ថយពន្ធទូរសព្ទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មករា ២០១៨) ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលអត្រាពន្ធអាករលើមុខទំនិញមួយចំនួន ដែលចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃ ០១ មករា ២០១៨។
ក្នុងនោះ រថយន្តគ្រួសារប្រើប្រាស់ឥន្ធនៈសុទ្ធ ដែលមានទំហំស៊ីឡាំងលើសពី ៣០០០ cc (Highlander, RX 330 ជាដើម) នឹងត្រូវដំឡើងអាករពិសេសពី ៦៥% ដល់ ៧០% (កើន ៥%)។ ទូរសព្ទមានការបន្ថយអាករពិសេសពី ១០% មកត្រឹម ៥% (ចុះ ៥%)។
ការប្រែប្រួលអត្រាពន្ធអាករនេះ អាចធ្វើឲ្យតម្លៃរថយន្តលក់តាមហាង និងក្រុមហ៊ុនមានការកើនឡើង ប៉ុន្តែហាងមួយចំនួនអាចនៅរក្សាតម្លៃដូចមុន ព្រោះជាទំនិញទិញចូលមុនការកំណត់អាករថ្មី ខណៈរថយន្តនាំចូលក្រោយខែមករាឆ្នាំ ២០១៨ គឺតម្លៃថ្លៃជាងមុន។
ងាកមកមើលតម្លៃទូរសព្ទក្រោយប្រកាសអាករថ្មី នឹងមានការធ្លាក់ថ្លៃ ស្របពេលដែលក្រុមហ៊ុនស្មាតហ្វូនត្រៀមចេញម៉ូដែលថ្មីៗ ដែលធ្វើឲ្យម៉ូដែលខ្លះអាចចុះថ្លៃដល់ទៅ ៤០ ដុល្លារ សម្រាប់ម៉ូដែលមួយចំនួន៕