កូរ៉េខាងជើងគាំទ្រការលុបបំបាត់អាវុធនុយក្លេអ៊ែរ តែអាមេរិកត្រូវបោះបង់ចោលដែរ
សារព័ត៌មាន Cambodia News/
ញូយ៉ក (១៨ តុលា ២០១៧) ៖ ថ្លែងក្នុងមហាសន្និបាត UN អគ្គរដ្ឋទូតរងកូរ៉េខាងជើងលោក គីម អ៊ីនរីយ៉ុង (Kim In Ryong) ថា កូរ៉េខាងជើងគាំទ្រទាំងស្រុង ចំពោះគំនិតលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើពិភពលោក ដរាបណាសហរដ្ឋអាមេរិក យល់ព្រមបោះចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ។ នេះបើតាមសារព័ត៌មាន Sputnik។
លោក Kim In Ryong បានបញ្ជាក់ថា «កូរ៉េខាងជើងគាំទ្រទាំងស្រុងចំពោះគំនិត និងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើពិភពលោកទាំងមូល ប៉ុន្តែដរាបណាសហរដ្ឋអាមេរិកនៅតែគំរាមកំហែង និងមានចេតនាអាក្រក់លើកូរ៉េខាងជើង ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬក៏ទាត់ចោលសន្ធិសញ្ញា NBT (សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ) នោះទីក្រុងព្យុងយ៉ាងមិនអាចទទួលយក ឬគោរពតាមសន្ធិសញ្ញានេះឡើយ»។
លោក Kim In Ryong បន្ថែមការកាន់កាប់អាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប គឺជាវិធានការការពារខ្លួនសមហេតុសមផលបំផុត ត្បិតសហរដ្ឋអាមេរិក នៅតែចិញ្ចឹមចិត្តចង់ឈ្លានពាន និងសម្លាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕