ម្ចាស់ដែលបាត់ម៉ូតូ ទៅពិនិត្យនៅស្នងការដ្ឋានក្រុងភ្នំពេញដើម្បីទទួលយកវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ សីហា ២០១៧) ៖កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៧សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអំពាវនាវឲ្យប្រជាពលរដ្ឋជាម្ចាស់ដែលបាត់ម៉ូតូនិងរ៉ឺម៉កកង់បីត្រូវទៅពិនិត្យដើម្បីទទួលយកទោចក្រយានយន្តរបស់ខ្លួនត្រឡប់មកវិញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯកប៊ុនសត្យានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាយានយន្តដែលដកហូតបាននោះមានម៉ូតូចំនួន៣២គ្រឿង និងរ៉ឺម៉ក៧គ្រឿង ដែលកម្លាំងនគរបាលខណ្ឌទួលគោក បានដកហូតបានកាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៧ពីផ្ទះលេខ១៤ផ្លូវ១៩២ កែងផ្លូវ២៥៣ ក្រុម៧ ភូមិ២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបន្តថាកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ កម្លាំងសមត្ថកិច្ចក៏បានរកឃើញរថយន្ដ និងម៉ូតូដែលគ្មានឯកសារត្រឹមត្រូវប្រមាណ១០០គ្រឿងហើយកំពុងអំពាវនាវរកម្ចាស់កម្មសិទ្ធិមកទទួលយកវិញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ និងរថយន្ត នាពេលកន្លងមក ដោយសារអំពើប្លន់លួចកាច់កនិងឆបោកជាដើម៕