សម្តេចតេជោ ៖ ចំនួនប្រជាពលរដ្ឋ ចូលជាសមាជិកគណបក្សប្រជាជនមានសន្ទុះកើនឡើងយ៉ាងខ្លាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កក្កដា ២០១៧) ៖ នៅព្រឹកថ្ងៃទី១៩ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញសារតាមទំព័រហ្វេសប៊ុកថា ៖ «ចាប់តាំងពីពេលបោះឆ្នោតឃុំ-សង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំង ទាំងនៅក្នុងនិងក្រៅប្រទេស ។ នេះគឺបង្ហាញឱ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជននឹងទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ជាបន្តទៀត» ។
សម្តេចបានឡើងជាថ្មីម្តងទៀតថា កម្ពុជាមានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង ។ ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោយប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា ។ សន្តិភាព បានផ្តល់ឱកាសឱ្យមានការកសាងប្រទេសជាតិបានលឿនឆ្ពោះទៅមុខ ។
សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា៖ «សព្វថ្ងៃនេះ អ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធានាបាននូវបរិយាកាសវិនិយោគល្អ ជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៌មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ» ។
ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថា នឹងកើនដល់៥លាននាក់ក្នុង១ឆ្នាំ ។ប្រជាពលរដ្ឋរីករាយសាទរ ដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យ ដែលធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
យ៉ាងណាមិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ក៏បានឃោសនាយ៉ាងផុសផុលដែរថា គណបក្សប្រឆាំងនឹងឈ្នះការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងសមាជិករដ្ឋសភាផងដែរ ៕