ចាប់ខ្លួនប៉ូលីសក្រសួងមហាផ្ទៃម្នាក់ដែលប្រមាថអាយុជីវិតសម្ដេច ហ៊ុន សែន និងក្រុមគ្រួសារនៅលើ Facebook
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មិថុនា ២០១៧) ៖ សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនមន្ដ្រីនគរបាលឈ្មោះ លាង ឡា ពាក់ស័ក្ដិ៣ មានតួនាទីជានាយរងផ្នែក នៃការិយាល័យគណនេយ្យ នាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស របស់ក្រសួងមហាផ្ទៃ បន្ទាប់ពីមន្ត្រីប៉ូលីសរូបនោះបានសរសេរប្រមាថអាយុជីវិត របស់សម្ដេច ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើបណ្ដាញសង្គម Facebook ។
ការចាប់ខ្លួនមន្ត្រីប៉ូលីសរូបនោះត្រូវបានធ្វើឡើងកាលពីព្រឹកមិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងសួរនាំនិងចាត់ការបន្តទៀត ។
សូមបញ្ជាក់ថា លោក លាង ឡា ដែលប្រើគណនី Facebook ឈ្មោះ Leala Leang ដែលបានកាត់តរូបសម្តេចតេជោ និងរូបខ្លួនឯងលើ Profile ពាក់ផ្កាយ៥ ហើយថែមទាំងសរសេរថា សហនាយករដ្ឋមន្ត្រីទី១ និងទី២ បានចូលទៅ comment នៅក្នុងផេករបស់សម្ដេច ហ៊ុន សែន ដោយប្រើពាក្យប្រមាថធ្ងន់ៗដល់សម្ដេច និងគ្រួសារ ខណៈដែលខ្លួនគឺជាមន្ដ្រីនគរបាលម្នាក់របស់រាជរដ្ឋាភិបាល និងស៊ីប្រាក់ខែរបស់រាជរដ្ឋាភិបាលថែមទៀត៕