កូរ៉េខាងជើងបណ្តេញរដ្ឋមន្ត្រីក្រសួងសន្តិសុខរដ្ឋចេញពីតំណែង
សារព័ត៌មាន Cambodia News/
កូរ៉េខាងជើង (០៦ កុម្ភៈ ២០១៧) ៖ ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រថា កូរ៉េខាងជើងបានបណ្តេញរដ្ឋមន្ត្រីក្រសួងសន្តិសុខរដ្ឋរបស់ខ្លួនដែលត្រូវបានគេចាត់ទុកថាជាជំនួយការដ៏សំខាន់របស់មេដឹកនាំវ័យក្មេងគីមជុងអ៊ុនក្រោយការជម្រុះចោលមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់។
លោកគីមវ៉ុនហុងត្រូវបានដកចេញពីតំណែងជាប្រធាននៃទីភ្នាក់ងារចារកម្មកំពូលនៅពាក់កណ្តាលខែមករាពីបទអំពើពុករលួយ ការរំលោភបំពានអំណាចនិងរំលោភសិទ្ធិមនុស្ស។ នេះបើតាមការឲ្យដឹងពីលោកជុងជូនហ៊ីដែលជាអ្នកនាំពាក្យក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ។
លោក គីម វ៉ុនហុង អាចនឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសកាន់តែខ្លាំងខណៈការស៊ើបអង្កេតចូលទៅក្នុងសកម្មភាពរបស់គាត់កំពុងតែបន្ត។
ក្រុមមន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងថា លោកគីមជុងអ៊ុនបានក្លាយជាមេដឹកនាំនៅក្នុងឆ្នាំ២០១១បន្ទាប់ពីការស្លាប់ឪពុករបស់លោកគឺលោកគីមជុងអ៊ីលហើយ
ការពង្រឹងអំណាចរបស់លោកគឺរួមបញ្ចូលទាំងការធ្វើវិសុទ្ធកម្មនិងការប្រហារជីវិតក្រុមមន្ត្រីកំពូលៗផងដែរ។
ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា កាលពីឆ្នាំមុន អនុរដ្ឋមន្ត្រីក្រសួងអប់រំរបស់កូរ៉េខាងជើងត្រូវបានប្រហារជីវិតដោយសារតែឈរមិនត្រង់នៅក្នុងព្រឹត្តិការណ៍ជាសាធារណៈមួយ។
ទោះបីជាយ៉ាងណាក៏ដោយ វាពិតជាមានការលំបាកណាស់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានអំពីមន្ត្រីថ្នាក់កំពូលនៅក្នុងប្រទេសកូរ៉េខាងជើងដែលបានខឹងសម្បាមហាអំណាចលោកខាងលិចដោយសារការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់របស់ខ្លួននិងអាវុធនុយក្លេអ៊ែរផ្គើនចំពោះសេចក្តីសម្រេចនិងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ របាយការណ៍នៃការសម្លាប់និងការធ្វើវិសុទ្ធកម្មពីមុនមួយចំនួនគឺបានបង្ហាញថាមិនត្រឹមត្រូវឡើយ។
លោកជុងមិនបាននិយាយថាតើកូរ៉េខាងត្បូងបានដឹងពីការបណ្តេញលោកគីមវ៉ុនហុងដោយរបៀបណានោះទេ។ ប៉ុន្តែលោកនិយាយថា អាចនឹងមានការដកតំណែងបន្ថែមទៀតនៅក្នុងប្រទេសកូរ៉េខាងជើងដែលជាកន្លែងនាយកដ្ឋានរៀបចំនិងណែនាំដ៏មានឥទ្ធិពលកំពុងស៊ើបអង្កេតក្រសួងសន្តិសុខរដ្ឋ៕