បញ្ជីបោះឆ្នោតដំបូងឆ្នាំ២០១៦ត្រូវបានបិទផ្សាយនៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មករា ២០១៧) ៖ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ជាកាលបរិច្ឆេទដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បិទផ្សាយបញ្ជីឈ្មោះដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ ។
ជាមួយនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនេះ គ.ជ.ប បានស្នើ អោយពលរដ្ឋអញ្ញើញរួសរាន់ទៅពិនិត្យមើលឈ្មោះនិងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូង ឬការលុបឈ្មោះមិនត្រឹមត្រូវ។
ហើយពលរដ្ឋគ្រប់រូបក៏អាចចូលរួមពិនិត្យមើលរកឈ្មោះជនណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ប៉ុន្តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយប្ដឹងតវ៉ាអោយមានការកែតម្រូវបាន ខណៈដែល គ.ជ.ប បានកំណត់ថា ការប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ត្រូវធ្វើទៅក្រុមប្រឹក្សាឃុំ–សង្កាត់ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ពោលគឺក្នុងអំឡុងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ៕