ចាប់ពីថ្ងៃ ២៧កញ្ញា ដល់ថ្ងៃ៣តុលា ភ្លៀងនៅតែបន្តធ្លាក់
Cambodia News/
ភ្នំពេញ (២៧ កញ្ញា ២០១៦) ៖ ការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបង្ហាញថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន និងអាចធ្វើឲ្យផ្នែកខ្លះនៃខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប្រឈមនឹងជំនន់ទឹកភ្លៀង។
យោងតាម សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយ នៅថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថា ខ្យល់មូសុងនីរតី បាននិងកំពុងបង្កើនឥទ្ធិពល លើព្រះរាជា ណាចក្រកម្ពុជា និងលើឈូងសមុទ្រថៃ។
យោងតាមស្ថានភាពដូចខាងលើនេះ នឹងបង្កឲ្យតំបន់ខ្ពង់រាប និងតំបន់វាលទំនាបនៃព្រះរាជាណាចក្រកម្ពុជាភ្លៀងនឹងធ្លាក់រាយប៉ាយពី បង្គួរទៅច្រើន។ ចំណែកតំបន់មាត់សមុទ្រ ភ្លៀងនឹងបន្ដធ្លាក់ពីមធ្យមទៅច្រើន។
ហេតុនេះ ក្រសួងក៏បានអំពាវនាវឲ្យយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្ន ជាពិសេសចំពោះខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប្រឈមនឹងជំនន់ទឹកភ្លៀង៕