បទ “ស៊ីបានចេះតែស៊ីទៅ” និងបទ “ទាល់តែយូរទើបស៊ីអូនបាន”ត្រូវបានហាមចាក់ផ្សាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កក្កដា ២០១៦) ៖ នៅថ្ងៃទី០៧ កក្កដា នេះ ក្រសួងព័ត៌មានបានចេញលិខិតផ្លូវការណ៍មួយទៅកាន់ម្ចាស់ស្ថានីយ វិទ្យុ-ទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង “ស៊ីបានចេះតែស៊ីទៅ” របស់លោក កែវ វាសនា និងបទ “ទាល់តែយូរទើបស៊ីអូនបាន” របស់កញ្ញា ម៉ាលីស ដែលកំពុងទទួលការរិះគន់ពីមនុស្សភាគច្រើន។
យោងតាមលិខិតជាផ្លូវការណ៍ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា បទចម្រៀងទាំងពីរបទខាងលើ មានផលប៉ះពាល់ខ្លាំងដល់តម្លៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរ។
ក្នុងលិខិតដដែល បានបន្តថា បទចម្រៀងទាំងពីរនេះ ពុំមានបង្កប់អត្ថន័យល្អ ដែលមានគុណប្រយោជន៍ដល់ការលើកកម្ពស់ ការអប់រំសីលធម៌សង្គមនោះទេ។ ផ្ទុយទៅវិញ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃស្ត្រីខ្មែរថែមទៀត៕