ចិនថា ឥណ្ឌូនេស៊ី បាញ់ទូកនេសាទរបស់ខ្លួនបណ្តាលឱ្យរបួសអ្នកនេសាទ
សារព័ត៌មាន Cambodia News/
ចិន (២០ មិថុនា ២០១៦) ៖ ចិនបានចោទប្រកាន់ឥណ្ឌូនេស៊ីថា បានបាញ់ទៅលើក្រុម អ្នកនេសាទរបស់ខ្លួន ដោយបណ្តាលឱ្យរបួសម្នាក់ក្នុងចំណោមអ្នកនេសាទទាំងនោះ ដែលហេតុការណ៍នេះបង្កឱ្យមានភាពតានតឹងបន្ថែមទៀតរវាងប្រទេសទាំង២ នៅសមុទ្រចិនខាងត្បូង ដែលត្រួតស៊ីគ្នា។
ក្រសួងការបរទេស ចិនបាននិយាយថា នាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីពីរបីគ្រឿងបានបាញ់រះលើក្រុមអ្នកនេសាទ នៅលើទូកទាំងនោះកាលពីថ្ងៃសុក្រ។ ម្នាក់ក្នុងចំណោមអ្នកនេសាទទាំងនោះបានរងរបួស ខណៈដែលទូកនេសាទមួយផ្សេងទៀតនិងក្រុមអ្នកនេសាទ៧នាក់ត្រូវបាន ចាប់ឃុំខ្លួន។
កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានអះអាងអំពី ហេតុការណ៍នេះនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដោយនិយាយថានាវាដែលដោតទង់ជ័យចិនមួយគ្រឿងត្រូវបានចាប់ ប៉ុន្តែមិនមាននរណាម្នាក់របួសនោះទេ។
ក្នុងរយៈពេល ប៉ុន្មានខែកន្លងទៅនេះ ឥណ្ឌូនេស៊ីបានធ្វើយុទ្ធនាការបង្ក្រាបដ៏ខ្លាំងទៅលើទូកនេសាទ ខុសច្បាប់នៅក្នុងដែនទឹករបស់ខ្លួនដោយបានចាប់ទូកនេសាទបរទេសខុសច្បាប់ ជាច្រើនគ្រឿងហើយបានបំផ្ទុះបំផ្លាញចោល៕ ប្រែសម្រួលដោយ ៖ សារព័ត៌មានយុវវ័យថ្មី (ប្រភពពី ៖ BBC)