អគ្គស្នងការរង ដាក់បញ្ជាមិនឲ្យអធិការខណ្ឌទាំង១២លាក់កំបាំងបទល្មើស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មករា ២០១៦) ៖ នៅក្នុងកិច្ចប្រជុំ បូកសរុបដកពិសោធន៍ សភាពការណ៍លទ្ធផល កិច្ចសហប្រតិបត្តការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍ ប្រចាំឆ្នាំ២០១៥ កាលពីព្រឹកម្សិលមិញ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានក្រើនរំឮកទៅដល់អធិការខណ្ឌទាំង១២ គឺមិនត្រូវលាក់បាំងបទល្មើស ដែលកើតមានឡើង ក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។
ការក្រើនរំឮកនេះ បានធ្វើឡើងក្រោយការរកឃើញ កាលពីពេលថ្មីៗនេះថា ក្រុមជនល្មើសដែលចាប់ខ្លួន បានសារភាពពីករណី ដែលខ្លួនបានប្រព្រឹត្តកន្លងមក នៅក្នុងខណ្ឌមួយចំនួន តែនៅពេលដែលសមត្ថកិច្ច ចុះស្រាវជ្រាវសំណុំរឿងទាំងនោះ បែរជាមិនមានទៅវិញ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ បានកើតឡើង ចំនួន ៧៦៥លើក លើ ៨៤៤ករណី ប្រៀបធៀបឆ្នាំ២០១៤ មានការថយចុះ ៧៩លើក ស្មើនិង ៩,៣៦ភាគរយ ធ្វើឲ្យមនុស្សស្លាប់ ៤៣នាក់ របួស១៩២នាក់ សម្ភារបាត់បង់ រថយន្ត ៦គ្រឿង ម៉ូតូ ៩៣គ្រឿង និងគ្រឿងអលង្កាមួយចំនួន។ នេះបើយោងតាម របាយការណ៍របស់អគ្គស្នងដ្ឋានការនគរបាលជាតិ៕