អាមេរិកប្រកាសដាក់ទណ្ឌកម្មលើការធ្វើពាណិជ្ជកម្មអាវុធរបស់កូរ៉េខាងជើង
សារព័ត៌មាន Cambodia News/
អាមេរិក (០៩ ធ្នូ ២០១៥) ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៨ធ្នូបានប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងស្ថាប័នឯកជន៦និងក្រុមហ៊ុនមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសព្វាវុធកូរ៉េខាងជើង។
ទណ្ឌកម្មនេះ បានកំណត់គោលដល់លើប្រព័ន្ធរ៉ុកក្កែតរបស់កូរ៉េខាងជើងតែម្ដង ដោយមានធនាគារពីរនិងក្រុមហ៊ុនដឹកជញ្ជូនចំនួនបីផ្សេងទៀត ត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការលក់គ្រឿងសព្វាវុធ។ នេះបើតាមការបញ្ជាក់ពីរតនាគារអាមេរិក។
ទណ្ឌកម្មដែលបានដាក់ បានហាមឃាត់ប្រជាជនឬក៏ក្រុមហ៊ុនអាមេរិក មិនឲ្យចូលរួមក្នុងប្រតិបត្ដិការជាមួយនឹងបុគ្គលណាឬក្រុមហ៊ុនណាមួយដែលពាក់ព័ន្ធនឹងការជួញដូរអាវុធនេះឡើយ។
តាមរយៈសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ អាមេរិកនិងអង្គការសហប្រជាជាតិបានព្រមានមិនតិចដងទេ ឲ្យកូរ៉េខាងជើងបញ្ឈប់ការបង្កហេតុតាមរយៈការប្រើប្រាស់កម្មវិធីនេះ។ ប៉ុន្ដែយ៉ាងណាក៏ដោយកូរ៉េខាងជើងហាក់មិនសូវយកចិត្ដទុកដាក់ឡើយ ជាហេតុធ្វើឲ្យពិភពលោកពិសេសអាមេរិកបារម្ភកាន់តែខ្លាំង ពីសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕