សាលារាជធានីភ្នំពេញបានធ្វើការពង្រីកក្រោមស្ពានជ្រោយចង្វា ដើម្បីសម្រួលចរាចរ
សារព័ត៌មាន Cambodia News /
ភ្នំពេញ (១៩ តុលា ២០១៥) ៖ ដើម្បីសម្រួលចរាចរនៅតំបន់ត្រើយខាងលិចស្ពានជ្រោយចង្វានោះសាលារាជធានីភ្នំពេញបានធ្វើការពង្រីកក្រោមស្ពានជ្រោយចង្វាដើម្បីធ្វើឲ្យចរាចរនៅតំបន់នេះមានភាពល្អប្រសើរខណៈដែលផ្លូវមួយត្រូវដាក់ជាផ្លូវឯកទិសនោះ។
តាមការបញ្ជាក់ពីមន្ត្រីសាលារាជធានីភ្នំពេញនិងមន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យ នៅថ្ងៃទី១៩តុលានេះ ថា ៖ ដោយសារស្ថានភាពចរាចរនៅតំបន់ត្រើយខាងលិចគល់ស្ពានជ្រោយចង្វាកាន់តែមមាញឹកនោះសាលារាជធានីភ្នំពេញ បានសម្រេចឲ្យធ្វើការពង្រីកក្រោមស្ពានជ្រោយចង្វាជាបន្ទាន់ដើម្បីសម្រួលដល់ការធ្វើដំណើរនៅតំបន់នេះ។
មន្ត្រីសាលារាជធានីភ្នំពេញរូបនេះ បានឲ្យដឹងទៀតថា ៖ ការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៥ក្រោមស្ពានជ្រោយចង្វារនេះបានសម្រេចរួចរាល់ទាំងស្រុងនៅថ្ងៃទី ១៨ តុលា ២០១៥ នេះ។
ការពង្រីកផ្លូវជាតិលេខ៥ក្រោមស្ពានជ្រោយចង្វានេះ ត្រូវបានស្ថាបនាជាប្រភេទផ្លូវបេតុងអារមេ វិញដែលមានកម្រាស់ ២០ស.ម មានប្រវែង ៣០៥ម៉ែត្រនិង ទទឹង ១៦ម៉ែត្រ។ហើយផ្លូវថ្មីនេះ គឺធន់នឹងការលិចទឹកនិងគុណភាពខ្ពស់នៅក្នុងការប្រើប្រាស់បានយូរអង្វែង។
ហើយតាមរយៈការពង្រឹងផ្លូវមួយខ្សែនេះដែរ ក៏បានជួយសម្រួលនិងរំលែកការស្ទះចរាចរនៅប៉ែកខាងលិចគល់ស្ពានជ្រោយចង្វាផងដែរព្រោះក្រោយពីដាក់សម្ពោធឲ្យប្រើប្រាស់ស្ពានជ្រោយចង្វារទី២.ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី២២តុលាខាងមុខនេះផ្លូវមួយចំនួននឹងដាក់ជាផ្លូវឯកទិស៕