អ្នកគ្រូ នាង ផល្លា ជាប់ឈ្មោះជាគ្រូឆ្នើមរបស់ប្រទេសកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មីនា ២០១៥) ៖ កាលពីម៉ោង ១០ និង ១៥ នាទី ព្រឹកថ្ងៃទី១៨ ខែមីនា នេះ អ្នកគ្រូ នាង ផល្លា បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលការវិលត្រឡប់នេះ មានការចូលរួមទទួលស្វាគមន៍ ពីលោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន រួមនិងថ្នាក់ដឹកនាំក្រសួងអប់រំ លោកហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បុគ្គលិក និងសិស្សានុសិស្សអង្គការគ្រួសារថ្មីជាច្រើនរយនាក់។
អ្នកគ្រូនាងផល្លា ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជន ១០នាក់ចុងក្រោយ នៅក្នុងកម្មវិធីប្រកួតប្រជែងយកជ័យលាភី គ្រូបង្រៀនឆ្នើមពិភពលោក Global Teacher Prize ឆ្នាំ២០១៥។ ទោះជាមិនទទួលបានពានរង្វាន់ តែអ្នកគ្រូនាងផល្លា នឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល និងមេដាយកិត្តិយសថ្នាក់មហាសេរីវឌ្ឍពីរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ អ្នកគ្រូ នាង ផល្លា ក៏ទទួលបានកេរ្តិ៍ឈ្មោះជាគ្រូបង្រៀនឆ្នើមនៅកម្ពុជា កេរ្តិ៍ឈ្មោះរបស់អ្នកគ្រូ ត្រូវបានបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយ ហ្វេសប៊ុក និងផ្ទាំងបដា ក្នុងដំណើរវិលត្រលប់អ្នកគ្រូ នាព្រឹកនេះ៕