នៅវៀតណាម សេវាកម្មសិចកំពុងវាយលុកខ្លាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ កញ្ញា ២០១៤) ៖ អាជីវកម្មពេស្យាចារខុសច្បាប់នៅក្រុងហូជីមិញ ប្រទេសវៀតណាមកំពុងរីករាលដាល និងបង្កភាពស្មុគស្មាញយ៉ាងខ្លាំង ទោះមានការទប់ស្កាត់ខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយក៏ដោយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគោលនយោបាយក្រុងហូជីមិញ។មន្ត្រីរដ្ឋាភិបាលបានបញ្ចេញរបាយការណ៍ ១០ឆ្នាំ ប្រឆាំងឧស្សាហកម្មសិច និងបានដាក់ទៅក្រសួងកិច្ចការសង្គមកាលពីសប្ដាហ៍មុន។
របាយការណ៍នេះបានបង្ហាញថា សេវាបុរសលក់ខ្លួនមានការកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីប្រព័ន្ធច្បាប់វៀតណាមមានចន្លោះខ្វះខាតដើម្បីដោះស្រាយបញ្ហាទាំងនេះ។ អ្នកលក់ខ្លួនមួយចំនួនស្វែងរកអតិថិជនជាភ្ញៀវបរទេស ដើម្បីបានតម្លៃខ្លួនថ្លៃ ហើយមួយចំនួនទៀតចេញទៅប្រកបរបរនេះក្នុងប្រទេសផ្សេងៗទៀត។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អ្នកប្រកបរបរសិចពេលនេះក៏មានតារាម៉ូដែល និងតារាសម្ដែង ដែលអាចទទួលបានតម្លៃខ្លួនរហូតដល់រាប់ពាន់ដុល្លារក្នុងមួយយប់។ កាលពីខែមិថុនាកន្លងទៅ តុលាការក្រុងហូជីមិញបានកាត់ទោសជនល្មើស ៦នាក់ ដែលពាក់ព័ន្ធនឹងការបើកអាជីវកម្មពេស្យាចារ។ តារាម៉ូដែល តារាសម្ដែង និងតារាចម្រៀង ត្រូវបានទាក់ទងឲ្យគេងជាមួយអ្នកមាន ដែលជាថ្នូរនឹងថ្លៃខ្លួនរហូតដល់ ៧០០០ ដុល្លារឯណោះ។
Vo Thi My Xuan ដែលជាជនជាតិវៀតណាមម្នាក់ ឈ្នះការប្រលងសម្រស់បវរកញ្ញាដីសន្តទន្លេមេគង្គក្នុងឆ្នាំ ២០០៩ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំកន្លះ ជាមួយមនុស្ស២នាក់ ដោយសារធ្វើជាម៉ែយ៉ែមនាំស្រីលក់ខ្លួនឲ្យអ្នកមាន។
សេវាកម្មផ្លូវភេទបានរីកដុះដាលកាន់តែខ្លាំង ហើយថែមទាំងមានការផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងសារផ្សេងៗដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់មន្ត្រីមានសមត្ថកិច្ច។ រូបភាពនៃការរកស៊ីផ្លូវភេទ ពេលនេះបានធ្វើឡើងនៅតាមហាងកាហ្វេ កន្លែងកាត់សក់ និងកន្លែងម៉ាស្សាជាដើម។ ចំណែកឯការលក់ខ្លួនតាមទីសាធារណៈ ដូចជាសួនច្បារ និងតាមដងផ្លូវ ក៏កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរ។ កាលពីដំណាច់ឆ្នាំមុន មន្ត្រីវៀតណាមកំណត់បានទីតាំងលក់ខ្លួនសាធារណៈ ៥៨ កន្លែងក្នុងក្រុងហូជីមិញ និងហាងរាប់ពាន់កន្លែងទៀត ដែលបង្កប់សេវារកស៊ីផ្លូវភេទ។
នៅវៀតណាម ពេស្យាចារគឺជាអំពើខុសច្បាប់។ ទាំងអ្នកលក់ខ្លួន និងអតិថិជន ត្រូវទទួលរងការពិន័យដូចគ្នា៕
ប្រភព៖ sabay