រាជរដ្ឋាភិបាល ជំរុញឲ្យមាតាបិតា ត្រូវយកចិត្តទុកដាក់ ផ្គត់ផ្គង់ អាហារូបត្ថម្ភ ដល់កូនតូចៗ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កញ្ញា ២០១៤) ៖ ដើម្បីឲ្យក្មេងតូចៗ មានសុខភាពល្អ មាំទាំទាំងស្មារតី និងបញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានជំរុញឲ្យអាណាព្យាបាលគ្រប់រូប ជាពិសេសមាតា-បិតា ត្រូវយកចិត្តទុក ដាក់ផ្តល់អាហារូបត្ថម្ភល្អៗ ទៅដល់កូនតូចៗ របស់ខ្លួនគ្រប់គ្នា។
លោក ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការនូវ «គោលនយោបាយជាតិ និងផែនការ សកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ថា កូនតូចៗដែលបានចាប់កំណើត រហូតមកដល់អាយុ៦ឆ្នាំមាតា-បិតា អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ បីបាច់ថែរក្សាផ្តល់អាហារូបត្ថម្ភ ថែទាំសុខភាព និងការអប់រំ ។
លោក ហ៊ុន សែន បន្តថា ការបំពេញភារកិច្ចទាំងនេះ បានក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ សម្រាប់លើកកម្ពស់ ការអភិវឌ្ឍន៍ផ្នែករាងកាយសុខភាព សីលធម៌វប្បធម៌ ព្រមទាំងការអភិវឌ្ឍន៍ ផ្នែកបញ្ញា និងការគិត របស់ កុមារ ។
នាយករដ្ឋមន្រ្តីបន្ថែមថា កន្លងមកនេះ នៅកម្ពុជាកុមារតូចៗភាគច្រើន ស្ថិតនៅក្នុងបន្ទុក ថែរក្សាដោយ ផ្ទាល់ពីក្រុមគ្រួសារ ឪពុក-ម្តាយ បងប្អូន ទាំងសាលារៀន និងបរិស្ថានធម្មជាតិ ជុំវិញខ្លួនផងដែរ ៕