ជំងឺដែលបង្កដោយមេរោគ​​ EV71នៅតែបន្តរាតត្បាត​​​មកលើកុមារកម្ពុជា

ក្រុមមន្រ្តីនៃក្រសួងសុខាភិបាលកម្ពុជា និងមន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺដែលបង្កឡើងដោយមេរោគ Enterovirus 71 ( EV 71 ) នៅតែបន្តរាតត្បាតលើកុមារកម្ពុជា ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រង។

យោងតាមតួលេខរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកបានបង្ហាញថា រយៈពេលជាងប្រាំមួយខែដើមឆ្នាំនេះ មានអ្នកជំងឺសរុបចំនួន ៧៨ករណីដែលក្នុងនោះយ៉ាងហោចណាស់៥៤នាក់បានស្លាប់ដែលភាគច្រើននៃអ្នកជំងឺមានអាយុតិចជាងបីឆ្នាំ។

អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា កុមារដែលកើតជំងឺនេះនៅតែមានជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ប៉ុន្តែមិនមានការស្លាប់បន្ថែមទៀតនោះទេ។

ជំងឺពងបែកនៅដៃជើង និងក្នុងមាត់គឺជាជំងឺឆ្លងដែលកើតចំពោះទារក និងកុមារ វាមិនមែនជាជំងឺថ្មីនៅកម្ពុជាយើងទេ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកដែរ។ រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់ ជាទូទៅចាប់ផ្តើមឡើងដោយមានសភាពក្តៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងអំឡុងពេល មួយទៅពីរថ្ងៃដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមានពងបែក នៅលើបាតដៃ បាតជើង និងពេលខ្លះលើគូទ ឬអវៈយវៈភេទ។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដែលបង្កឡើងដោយមេរោគEnterovirus 71 (EV 71) ក្រសួងសុខាភិបាលបានបណ្តុះបណ្តាលគ្រូពេទ្យនៅតាមមន្ទីរពេទ្យទូទាំងកម្ពុជាឲ្យយល់ដឹងបន្ថែមពីការព្យាបាល និងពិនិត្យរករោគសញ្ញានៃជំងឺនេះឲ្យបានទាន់ពេលវេលា៕

Related Articles

Back to top button
Close
Close