ព្យុះទីហ្វុង រ៉ាមម៉ាសាន់ បណ្តាលឲ្យ មនុស្សស្លាប់កើនដល់ ៣៨នាក់ នៅហ្វីលីពីន
សារព័ត៌មាន Cambodia News/
ម៉ានីល (17 កក្កដា 2014) ៖ ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយខ្យល់ព្យុះទីហ្វុងរ៉ាមម៉ាសាន់ វាយប្រហារ ភាគខាងជើងប្រទេសហ្វីលីពីន កាល ពីថ្ងៃអង្គារ កន្លងទៅ នេះបានកើនឡើងរហូតដល់ ៣៨ នាក់ ហើយ, នេះបើតាមទីភ្នាក់ងារ គ្រោះមហន្តរាយហ្វីលីពីនរាយការណ៍នៅថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា នេះទៀតថា ព្យុះទីហ្វុង ខាងលើនេះក៏បានបណ្តាលឲ្យមនុស្ស ១០នាក់រងរបួស ផងដែរ។ ទីភ្នាក់ងារកាត់បន្ថយ គ្រោះហន្តរាយហ្វីលីពីន បានចេញរបាយការណ៍នៅថ្ងៃនេះថា រ៉ាមម៉ាសាន់ បានបង្កឲ្យ មានការខូចខាតសរុបជា ទឹកប្រាក់ ១៥,៣២ លានដុល្លារអាម៉េរិក ដែលភាគច្រើនគឺទៅលើ ផលដំណាំ ស្រូវ, ពោត, និង ដំណាំសំខាន់ៗមួយចំនួនទៀត។
ក្រៅពីនេះខ្យល់បក់បោកខ្លាំង ដែលមានល្បឿនរហូតដល់ទៅ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបណ្តាលផ្ទះចំនួន ២៦.២៥៩ខ្នង, ផ្លូវ ១៥ខ្សែ, និង ស្ពាន ចំនួន ៤កន្លែងទទួលរងការ បំផ្លាញ យ៉ាងដំណំ។ តំបន់មួយចំនួននៅភាគខាងជើងប្រទេស ហ្វីលីពីន នៅតែបន្តគ្មាន អគ្គិសនីប្រើប្រាស់ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា ប្រជាហ្វីលីពីនយ៉ាងហោចណាស់ ១លាននាក់បានទទួងរងវិបត្តិដោយសារព្យុះ រ៉ាមម៉ាសាន់នេះ ហើយវាបានបន្ថយឥទ្ធិពលរបស់ វាទៅហើយ ក្រោយពីបោកបក់ឆ្លងកាត់ ប្រទេស ហ្វីលីពីន កាលពីពេញមួយរាត្រីថ្ងៃអង្គាររួចមក៕