សង្ឃ ១អង្គ ប្រើអំពើហិង្សាដុតទៀន សម្រក់លើខ្នង ក្មេងប្រុស អាយុ ៩ឆ្នាំ
សារព័ត៌មាន Cambodia News//
បន្ទាយមានជ័យ៖ ព្រះសង្ឃមួយអង្គ ត្រូវបានចាប់ផ្សឹក ប្រគល់ឱ្យ កម្លាំងនគរបាល ចាត់វិធាន ការតាមផ្លូវច្បាប់ ក្រោយពីបែកធ្លាយរឿង ប្រើអំពើហិង្សា លើក្មេងប្រុសម្នាក់ អាយុ ៩ឆ្នាំ ដែលកំព្រាឪពុកម្ដាយ ហើយត្រូវបានព្រះសង្ឃអង្គនេះ យកមកចិញ្ចឹម។
តាមការឲ្យដឹងពីមន្ត្រីនគរបាលស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ករណីខាងលើនេះ បានកើតឡើង កាលពីប៉ុន្មានថ្ងៃមុន ក្រោយពីព្រះសង្ឃ ព្រះនាម ខាត់ សុទី ព្រះជន្ម ២១ ព្រះវស្សា មានស្រុកកំណើតនៅភូមិកោះធំ ឃុំកោះធំ ស្រុកស្អាង ខេត្តកណ្តាល។
បានវាយធ្វើបាប ទៅលើក្មេងប្រុសម្នាក់ ឈ្មោះ តន រតនា អាយុ ៩ឆ្នាំ មានស្រុកកំណើតនៅស្រុកស្រែទូក ខេត្តក្រចេះ ដែលត្រូវ ព្រះសង្ឃ យកមកចិញ្ចឹម ក្រោយពីឃើញថា ក្មេងប្រុស រងគ្រោះរូបនេះ កំព្រា ឪពុកម្ដាយ។
មន្ត្រីនគរបាល បានបន្ដទៀតថា នៅយប់ថ្ងៃទី២៨ ខែមិថុនា ព្រះសង្ឃអង្គនេះ បានខឹងនឹងក្មេង ប្រុសរងគ្រោះរឿងអ្វីមួយនោះទេ ក៏បានហៅក្មេងរងគ្រោះ ឡើងទៅលើកុដិ រួចធ្វើទារុណកម្ម ដោយយកខ្សែភ្លើងដាក់ ចូលទៅក្នុងមាត់ ហើយដោតនឹងព្រី បណ្ដាលឱ្យឆក់ប្រកាច់សន្លប់បាត់ស្មារតី ក្រោយមក បានយកទៀន សម្រក់លើក្មេងរងគ្រោះ ហើយយកទឹកក្ដៅចាក់លើខ្លួន និងថែមទាំងវាយរងរបួសពេញខ្លួនប្រាណ។
ដោយសារតែ មិនអាចទ្រាំបាន ពីទង្វើដ៏ថោកទាប របស់បុគ្គលសង្ឃអង្គនេះ លោកនេន ដែលមកជាមួយ បានរាយការណ៍ ប្រាប់អាជ្ញាធរ និងសមត្ថកិច្ច ចុះទៅជួយអន្ដរាគមន៍ និងជួយក្មេង រងគ្រោះឱ្យ មានសេរីភាពឡើងវិញ ហើយចាត់វិធានការ ទៅលើបុគ្គលសង្ឃអង្គនេះ៕