ពលករខ្មែរជាង ១៧ម៉ឺននាក់ហើយ ដែលថៃបានបញ្ជូនមកកម្ពុជា
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (១៧ មិថុនា ២០១៤) ៖ តាមសេចក្តីរាយការណ៍ព័ត៌មាន គិតត្រឹមល្ងាចថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរចំណាកស្រុក ដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ មាន ចំនួនកើនឡើងសរុប ប្រមាណជាង ១៧ ម៉ឺននាក់ហើយ។
យោងតាមការបានដកស្រង់សម្តី អភិបាល ខេត្តបន្ទាយមានជ័យលោក គោ ស៊ុំសារឿត បានឲ្យដឹងថា ពលករខ្មែរត្រូវបានបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិ មានចំនួនជាង ១៥ ម៉ឺននាក់ និងតាមច្រកអូរស្មាច់ មានចំនួនជាង ២ ម៉ឺននាក់់ ដែលតួលេខនេះ គឺជាតួលេខដែលបានឯកភាពគ្នារវាងភាគីកម្ពុជា ជាមួយភាគីថៃ។
លោកបានឲ្យដឹងទៀតថា អាជ្ញាធរថៃ នៅតែបន្តដឹកជញ្ជូនពលករខ្មែរមកកម្ពុជាវិញជាបន្តបន្ទាប់ មិនទាន់បញ្ឈប់នៅឡើយទេ។ លោកបានបន្តថា ចំពោះពលករដែលបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាខេត្តនីមួយៗ បានយករថយន្តមកទទួលពួកគាត់ ដើម្បីដឹកជញ្ជូនត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញ៕