សម្លាប់ខ្លួនឯង បន្ទាប់ពីចាក់កភរិយារបស់ខ្លួនមួយកាំបិត
ដោយ វ៉ន សុខាន់
ភ្នំពេញ៖ បុរសចំណាស់ម្នាក់ប៉ុនប៉ងសម្លាប់ប្រពន្ធរបស់ខ្លួន ដោយយកកូនកាំបិតមកចាក់បំពង់កប្រពន្ធ ខណៈពេលកំពុងដេកលក់ ព្រោះខឹងប្រពន្ធដេកបែរខ្នង តែការប៉ុនប៉ងនេះពុំបានសម្រេចទេ។ ហេតុការណ៍នេះ បានកើតឡើតកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
ក្រោយពីចាក់ប្រពន្ធភ្លាម បុរសនោះក៏រត់ចេញពីផ្ទះទាំងយប់បាត់ ហើយរហូតមកដល់រសៀល ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១២ គេក៏ប្រទះឃើញបុរសនេះដេកស្លាប់នៅក្នុងវាលស្រែក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសមត្ថកិច្ចដែលបានចុះធ្វើកោសល្យវិច័យបានឲ្យដឹងថា បុរសជាប្តីឈ្មោះ ភួង សៅ អាយុ៧៨ឆ្នាំ បានធ្វើអត្តឃាតខ្លួនឯងដោយផឹកថ្នាំពុល បន្ទាប់ពីបានចាក់ប្រពន្ធឈ្មោះ វង្ស ភ័ណ្ឌ អាយុ ៥០ឆ្នាំ មួយកាំបិតចំបញ្ឆិតបំពង់កខាងឆ្វេង។ សមត្ថកិច្ចក៏បានរកឃើញសំបុត្រនៅលើខ្លួនលោក ភួង សៅ ដែលមានខ្លឹមសារបង្ហាញពីការប្រចណ្ឌប្រពន្ធ ដោយចោទប្រកាន់ប្រពន្ធថា មានសហាយប្រុសក្មេងដើរផឹកស៊ីជាមួយគ្នា និងមានការរៀបរាប់ជាច្រើនទៀត។
លោក ភួង សៅ មានទីលំនៅនៅភូមិព្រែកតាថុក ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយបានមកលេងនឹងប្រពន្ធឈ្មោះ វង្ស ភ័ណ្ឌ ដែលមកធ្វើការរោងចក្រនៅទីក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅភូមិគោកចំបក់ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
វង្ស ភ័ណ្ឌ ជាប្រពន្ធបានឱ្យដឹងថា នៅវេលាយប់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ខណៈពេលដែលរូបគាត់កំពុងដេកលក់ ប្តីរបស់គាត់បានយកកូនកាំបិតចុងស្រួចមកចាក់ត្រូវបញ្ឆិតបំពង់កផ្នែកខាងឆ្វេងរបស់គាត់ហើយគាត់ក៏បានស្រែកធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយម្ចាស់ផ្ទះជួលនិងអ្នកជិតខាងបានបញ្ជូនគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ។
អ្នកស្រីបានប្រាប់ពីមូលហេតុដែលប្តីរបស់គាត់ប៉ុនប៉ងសម្លាប់គាត់ថា ដោយសារតែរូបគាត់ដេកបែរខ្នងដាក់ប្តី បើទោះបីជាប្តីរបស់គាត់សុំមើលមុខបន្តិចក៏ដោយ តែគាត់បដិសេធថា មុខធ្លាប់មើលហើយតើចង់មើលអីទៀត។ អ្នកស្រីបន្តរថា ពេលនោះ ប្តីអ្នកស្រីមានអារម្មណ៍ខឹង តែអ្នកស្រីមិនចាប់អារម្មណ៍នោះទេ។
ចំណែកឯបុរសជាប្តីវិញ បន្ទាប់ពីបានចាក់ប្រពន្ធរួច ក៏បានរត់ចេញពីផ្ទះ តែប្រពន្ធមិនបានដើររកប្តីនោះទេដោយនឹកស្មានថា ប្តីគាត់ត្រឡប់ទៅស្រុកកំណើតវិញបាត់ទៅហើយ។ រហូតដល់វេលាម៉ោង១រសៀលថ្ងៃទី ១៥ កក្កដា ទើបមានកម្មករសំណង់ដើរទៅបត់ជើងនៅចំណុចខាងលើ ក៏ប្រទះឃើញបុរសចំណាស់ភួង សៅ នេះដេកស្លាប់ផ្កាប់មុខក្នុងវាលស្រែ ។ សាកសព្វបុរសនេះ ត្រូវបានសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
មន្ត្រីបំពេញការងារផ្នែកអំពើហិង្សាក្នុងគ្រួសារបាននិយាយថា ករណីនេះជផ្នែកមួយនៃហិង្សាផ្លូវចិត្ត ដែលប្តប្រពន្ធមិនមានការយោគយល់គ្នា រហូតដល់ទៅប្តីហ៊ានយកកំាបិតចាក់កភរិយា។
មន្ត្រីរូបនោះក៏បានបន្ទោសដល់ភាគីខាងប្រពន្ធដែរ ព្រោះគ្រាន់តែប្តីសុំមើលមុខក៏មិនបាន ហើយខ្លួនគួរតែពន្យល់ប្រាប់ប្តីដែលកំពុងតែប្រចណ្ឌ ពីហេតុផលឲ្យប្តីបានបានយល់ ព្រោះប្តីនឹកប្រពន្ធខំធ្វើដំណើរពីស្រុកមកជួប តែបែរជាភរិយាធ្វើព្រងើយកន្តើយដាក់ទៅវិញ។ (អត្ថបទនេះសរសេរឡើងក្រោមការគាំទ្រពីអង្គការ Trocaire)