គង់ ច័ន្ទស្រីមុំ បង្ខំចិត្តសេងហាងស្ងាត់ៗ
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (១៥ ឧសភា ២០១៤) ៖ តារាសម្ដែង រាងតូចច្រឡឹង គង់ ច័ន្ទស្រីមុំ ត្រូវបានគេដឹងឮជាសាធារណៈថា ជាគូស្នេហ៍ដ៏ផ្អែមល្ហែម របស់លោក គឹម សីហា តារាសម្ដែងកម្លោះ ស្រស់សង្ហា ជាគូស្នេហ៍មិនទាន់រៀបការ តែល្បីល្បាញខ្លាំង ក្នុងមុខរបររកស៊ី ។
តារាសម្ដែងស្បែកស្អាត ស៊ីវីល័យគ្រប់ រដូវកាល គង់ ច័ន្ទស្រីមុំ និងលោក សីហា បានបោះទុនរាប់ម៉ឺនដុល្លារក្នុងការបង្កើតមុខជំនួញនានា ក្រៅពីសិល្បៈ មានដូចជាហាងលក់ សម្លៀកបំពាក់ និងហាងនាំចូលផលិតផល គ្រឿងសម្អាង។
ថ្មីៗនេះ គង់ ច័ន្ទស្រីមុំ កំពុងតែល្បីល្បាញ និងក្ដោបបានឱកាស ជោគជ័យផ្ទួនៗ ក្នុងការងារសិល្បៈ បែរជាលេចឮរឿង ថា នាង បានសេង(លក់) ហាងលក់សម្លៀកបំពាក់ របស់នាង យ៉ាងស្ងាត់បំផុត កាលពីពេលថ្មីៗនេះ ដោយ មិនឲ្យនរណា ដឹងឮរឿងរ៉ាវនេះទេ ព្រោះខ្លាចខ្មាសគេ ក្នុងនាមជាតារាល្បី តែមានឈ្មោះថា រកស៊ីមិនកាក់កប ។
ប្រភពព័ត៌មានពីអតិថិជន ដែលធ្លាប់ទៅធ្វើខ្លួន ជាប្រចាំនៅហាង របស់ស្រីមុំ បាននិយាយ ថា សា្រប់តែថ្មីៗនេះ នាងបានសេងហាង ដោយគ្មានមូលហេតុ ឲ្យទៅអ្នកផ្សេងបាត់ទៅហើយ ដែលនេះជារឿងចំលែកមួយ ព្រោះថា ហាងនោះ ដំណើរការល្អ និងមានអតិថិជនចេញចូលច្រើនណាស់ ហេតុអ្វី គង់ ច័ន្ទស្រីមុំ ត្រូវលក់បែបនេះ។
ប្រភពព័ត៌មានពីអ្នកជិតស្និត និងគង់ ច័ន្ទស្រីមុំ បានបង្ហើបថា មូលហេតុដែលនាងសេងហាងនេះ គឺដោយសារតែនាង ជាប់រវល់ខ្លាំងពេក លើការងារសិល្បៈ ដោយត្រូវសម្ដែងទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក មិនសូវមានពេល ខុសត្រូវ ហាងទាំងមូល ទើបនាងធ្វើបែបនេះ៕