CPP និង CNRP ជួបចរចាជាថ្មីនៅព្រឹកថ្ងៃទី៣នេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៣ មីនា ២០១៤)៖ បន្ទាប់ពីខកខាន កាលពីថ្ងៃទី២៧កុម្ភៈ នៅព្រឹកថ្ងៃទី៣ ខែមីនា នេះ គណៈកម្មការចម្រុះរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាពម្ខាង ៦ រូប នឹងប្រជុំគ្នា នៅព្រឹទ្ធសភា ដើម្បីនិយាយពីការកែទម្រង់ការបោះឆ្នោត។ បណ្តុំអង្គការមិនមែនរដ្ឋាភិបាល ក្នុងនាមបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើទៅភាគីចរចាទាំងពីរ ឱ្យខំប្រឹងរកកិច្ចព្រមព្រៀងឱ្យបានយ៉ាងយូរត្រឹមឆ្នាំ២០១៤ ដើម្បីឈានទៅរៀបចំការបោះឆ្នោតមុនអាណត្តិ នៅឆ្នាំ២០១៥។
កិច្ចប្រជុំចរចា នាព្រឹកថ្ងៃចន្ទ ទី៣មីនានេះ នឹងធ្វើឡើង បន្ទាប់ពីក្រុមការងារគណបក្សជាប់ឆ្នោតទាំងពីរ ដែលមានសមាសភាពម្ខាង ៣ រូប បានជួបប្រជុំ និងបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅព្រឹទ្ធសភា៕